កម្ពុជាទទួលបានកំណើនភ្ញៀវទេសចរចិនច្រើនជាងគេក្នុងរយៈពេល៩ខែឆ្នាំ២០១៨ ក្រសួងទេសចរណ៍កម្ពុជាឲ្យដឹងថា ភ្ញៀវទេសចរចិនមកកម្ពុជាក្នុងរយៈពេល៩ខែឆ្នាំ២០១៨មានចំនួនខ្ពស់ ខណៈភ្ញៀវទេសចរណ៍មកពីប្រទេសចំនួន៧ទៀតបានធ្លាក់ចុះទៅវិញ។
ស្ថិតិរបស់ក្រសួងទេសចរណ៍បង្ហាញថា ចំនួនភ្ញៀវទេសចរអន្តរជាតិដែលបានមកដល់ប្រទេសកម្ពុជាក្នុងរយៈពេល ៩ខែក្នុងឆ្នាំ២០១៨នេះ មានចំនួនដល់ទៅជាង៤លាន៣សែននាក់ ដែលចំនួននេះបានកើនឡើងជាង ១១% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧កន្លងមក។
ស្ថិតិដដែលឲ្យដឹងទៀតថា ក្នុងរយៈពេល៩ខែនេះកំណើនភ្ញៀវទេសចរចិនមានចំនួនជាង១លាន៤សែននាក់ ឬស្មើនឹងជិត៣៣% នៃចំនួនភ្ញៀវទេសចរអន្តរជាតិសរុប។
របាយការណ៍ដដែលឲ្យដឹងទៀតថា ស្របពេលដែលតួលេខភ្ញៀវទេសចរចិន កំពុងឡើងខ្ពស់នោះ ចំនួនភ្ញៀវទេសចរវៀតណាម ឡាវ ថៃ កូរ៉េខាងត្បូង អាមេរិក ជប៉ុន និងអង់គ្លេសបានធ្លាក់ចុះទៅវិញ។
លោកហ៊ុន សែនតែងអះអាងថា ចិនគឺជាខ្នងបង្អែកដ៏រឹងមាំរបស់កម្ពុជាទាំងវិស័យសេដ្ឋកិច្ច និងយោធា។
លោកបន្តថា ចំនួនភ្ញៀវទេសចរចិនដែលចូលមកកម្ពុជាដ៏ច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មានពីមុនមកនេះគឺដើម្បីជួយសាងសង់អគារសំណង់ធំៗនៅកម្ពុជា ខណៈពួកគេជាកម្មករដែលមានជំនាញ។
ប៉ុន្តែសារព័ត៌មានAsia Timesកាលពីដើមសប្តាហ៍កន្លងទៅនេះ បានចុះផ្សាយថា ប្រទេសចិនមានបំណងយកទឹកដីកម្ពុជាធ្វើមូលដ្ឋានយោធា សំចតនាវាចម្បាំង ហើយថា កម្ពុជាកំពុងស្ថិតនៅចំណុចកណ្តាលនៃសង្រ្គាមត្រជាក់រវាងចិន និងអាមេរិក៕