ក្រុមសិទ្ធិមនុស្សនិយាយថា ប្រសិនបើលោកហ៊ុន សែនស្តារលទ្ធិប្រជាធិបតេយ្យនោះEUនឹងមិនដកប្រព័ន្ធអនុគ្រោះពន្ធឡើយ អ្នកនាំពាក្យរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោកសឹង សែនករុណាអះអាងថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជាគ្មានអ្វីពាក់ព័ន្ធនឹងការព្រមានដកប្រព័ន្ធអនុគ្រោះពន្ធEBA ចេញពីកម្ពុជានោះឡើយ។
លោកបន្តថា ការព្រមានដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបមកលើកម្ពុជាគឺដោយសារវិបត្តិនយោបាយសុទ្ធសាធ ដោយសាររបប លោកហ៊ុន សែនបានបំផ្លាញលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសតាមរយៈការឃុំខ្លួនលោកកឹម សុខាប្រធានបក្សសង្គ្រោះជាតិ ការរំលាយបក្សសង្គ្រោះជាតិចេញពីបញ្ជីនយោបាយ និងការហាមមន្រ្តីបក្សនេះចំនួន១១៨នាក់មិនឲ្យធ្វើនយោបាយរយៈពេលប្រាំឆ្នាំថែមទៀតជាដើម។
លោកសឹង សែនករុណាបន្តថា បញ្ហានេះវាមិនជាប់ពាក់ព័ន្ធនឹងសេដ្ឋកិច្ចកម្ពុជាមានការរីកលូតលាស់ ឬធ្លាក់ចុះនោះឡើយ។
ការអះអាងរបស់លោកសឹង សែនករុណាធ្វើឡើងក្រោយពីលោកហ៊ុន សែននិយាយថា ដោយសារតែកត្ដាសេដ្ឋកិច្ចរបស់កម្ពុជាបានបន្ដកើនឡើងជាលំដាប់ ជាហេតុធ្វើឲ្យសហគមន៍អន្ដរជាតិព្រមានដក ប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាវិញ ដើម្បីយកទៅជួយដល់ប្រទេសក្រីក្រដែលមានសេដ្ឋកិច្ចអន់ថយជាងកម្ពុជា។
ក្រុមសិទ្ធិមនុស្សបារម្ភថា ប្រសិនបើសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធចេញពីកម្ពុជាហើយ ពេលនោះកម្ពុជានឹងពិបាកទទួលបានប្រព័ន្ធអនុគ្រោះពន្ធនេះឡើងវិញណាស់។
ហើយពេលនោះកម្ពុជានឹងបាត់បង់ចំណូលប្រមាណជាង៦រយលានដុល្លារក្នុង១ឆ្នាំៗ ហើយកម្មករខ្មែរជាង១លាននាក់នឹងបាត់បង់ការងារ៕