រុស្សីបញ្ជូនឧទ្ធម្ភាគចក្រទំនើប២គ្រឿងមកតាំងបង្ហាញនៅកម្ពុជា មន្រ្តីជាន់ខ្ពស់នៃក្រសួងការពារជាតិឲ្យដឹងថា រដ្ឋាភិបាលរុស្ស៊ីបានបញ្ជូនឧទ្ធម្ភាគចក្រទំនើប២គ្រឿងមកដាក់តាំងនៅកម្ពុជាកាលពីថ្ងៃ ទី២០ខែវិច្ឆិកាដើម្បីឲ្យរដ្ឋាភិបាលកម្ពុជាពិចារណាទិញទៅប្រើប្រាស់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កន្លងមកធ្លាប់បានលើកទឹកចិត្តឲ្យឧកញ៉ាធំៗនៅកម្ពុជាឲ្យទិញឧទ្ធម្ភាគចក្រប្រើប្រាស់ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍។
លោកប្រាក់ សុខា អ្នកនាំពាក្យកងទ័ពជើងអាកាសកម្ពុជា បានប្រាប់សារព័ត៌មានក្នុងស្រុកថា ឧទ្ធម្ភាគចក្ររុស្ស៊ី២គ្រឿងនោះសេរីឆ្នាំ២០១៨ ដែលត្រូវបានប្រទេសរុស្ស៊ីនាំយកមកបង្ហាញនៅមូលដ្ឋានកងទ័ពជើងអាកាសក្នុងទីក្រុងភ្នំពេញ។
លោកបន្តថាឧទ្ធម្ភាគចក្រមួយគ្រឿងជាប្រភេទសម្រាប់ដឹកជញ្ជូនភ្ញៀវទេសចរ និងមួយគ្រឿងទៀតសម្រាប់ដឹកជញ្ជូនសម្ភារៈយោធា ហើយ រដ្ឋាភិបាលកម្ពុជានឹងពិនិត្យពីលក្ខណៈពិសេស និងគុណសម្បត្តិជាមុនសិន មុននឹងទិញយកទៅប្រើប្រាស់ឬមិនទិញ។
អ្នកនាំពាក្យរូបនេះ បានអះអាងថា ការតាំងបង្ហាញឧទ្ធម្ភាគចក្រទាំង ២គ្រឿងនោះ គឺជាផ្នែកមួយនៃការផ្សព្វផ្សាយរបស់រុស្ស៊ីទៅកាន់ប្រទេសនានា ឲ្យដឹងអំពីបច្ចេកវិទ្យាអាកាសចរណ៍ដ៏ទំនើបរបស់ខ្លួន៕