35 C
Phnom Penh

អគ្គលេខាធិការអ.ស.ប. អំពាវនាវដល់ប្រទេសជាសមាជិកបន្តគាំទ្រសាលាក្តីខ្មែរក្រហម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគ្គលេខាធិការរបស់អង្គការសហប្រជាជាតិអំពាវនាវដល់ប្រទេសជាសមាជិកបន្តគាំទ្រដល់សាលាក្តីខ្មែរក្រហម អគ្គលេខាធិការអង្គការសហប្រជាជាតិលោកAntónio Guterresបានអំពាវនាវឲ្យបណ្តាប្រទេសជាសមាជិកផ្តល់ការគាំទ្រដល់សាលាក្តីខ្មែរក្រហមបន្តទៀត ក្រោយពេលសាលាក្តីមួយនេះ ទើបផ្តន្ទាទោសអតីតមេដឹកនាំជាន់ខ្ពស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិលោកStephane Dujarricឱ្យដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិ បានឃើញការប្រកាសសាលក្រមរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ក្នុងសំណុំរឿង០០២/០២ ប្រឆាំងនឹង នួន ជា អតីតអនុលេខាបក្សកុម្មុយនីស្តកម្ពុជា និងខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យសម្រាប់ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ហើយដែលត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។

សេចក្តីថ្លែងការណ៍ដដែលឲ្យដឹងថា លោកអគ្គលេខាធិការនៃអង្គការសហប្រជាជាតិបានចូលរួមរំលែកទុក្ខជាមួយជនរងគ្រោះនៃអំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្ស៊ឺណែវឆ្នាំ១៩៤៩។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោកស ខេងអះអាងថា កម្ពុជានឹងបញ្ចប់ការងាររបស់សាលាក្តីកូនកាត់មួយនេះដោយសារសាលាក្តីមួយនេះបានផ្តន្ទាទោសអតីតមេដឹកនាំខ្មែរក្រហមពីរនាក់ជាលើកចុងក្រោយពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្រ្គាមកាលពីសប្តាហ៍មុននោះហើយ។

ទោះជាយ៉ាងណាក៏ដោយ លោកបណ្ឌិតឡៅ ម៉ុងហៃអះអាងថា ការលើកឡើងរបស់លោកស ខេងគឺរំលោភលើយុត្តាធិការរបស់តុលាការ និងជាការមាក់ងាយដល់តុលាការ ពីព្រោះតុលាការនៅមិនទាន់បញ្ចប់នីតិវិធីស៊ើបអង្កេតបន្តករណី០០៣ និង០០៤បន្តទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស