34 C
Phnom Penh

សហភាពអឺរ៉ុបឧបត្ថម្ភទូកស្ត្រីមួយគ្រឿងក្នុងពិធីបុណ្យអុំទូកដើម្បីលើកកម្ពស់សិទ្ធិស្ត្រី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហភាពអឺរ៉ុបឧបត្ថម្ភទូកស្ត្រីមួយគ្រឿងក្នុងពិធីបុណ្យអុំទូកដើម្បីលើកកម្ពស់សិទ្ធិស្ត្រី សហភាពអឺរ៉ុបបានឧបត្ថម្ភមួយគ្រឿងក្នុងចំណោមទូក២៩៥គ្រឿងក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែធ្វើឡើងក្នុងរាជធានីភ្នំពេញ ចាប់ថ្ងៃទី២១ដល់ថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០១៨។

លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា សហភាពអឺរ៉ុបឧបត្ថម្ភទូកចែវនារីនេះគឺដើម្បីលើកកម្ពស់សិទ្ធិនិងតួនាទីស្ត្រីក្នុងសង្គមនិងកាត់បន្ថយអំពើហិង្សាលើស្ត្រីនិងកុមារ។

សេចក្តីប្រកាសព័ត៌មាននោះសរសេរថាក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយរបស់កម្ពុជា សហភាពអឺរ៉ុបសូមសម្តែងការរីករាយយ៉ាងខ្លាំងក្នុងការគាំទ្រប្រពៃណីវប្បធម៌ដ៏សំខាន់នេះ ហើយនឹងកិច្ចខិតខំប្រឹងប្រែងនានាដើម្បីឲ្យស្ត្រីនៅមូលដ្ឋានក្នុងប្រទេសកម្ពុជាបានចូលរួមការអភិវឌ្ឍ។

ទូកចែវនារីដែលសហភាពអឺរ៉ុបឧបត្ថម្ភនេះមានឈ្មោះព្រះពៃស្រពណ៌ និងមានអ្នកអុំជានារីចំនួន ៤២នាក់ មកពីភូមិកំពង់បាវស្រូវ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

កីឡាការិនីទាំងនេះពាក់អាវដែលសរសេរថា «និយាយថា ទេ! ចំពោះអំពើហិង្សាលើស្ត្រី»។

មានទូកចែវនារីតែ៤គ្រឿងប៉ុណ្ណោះក្នុងចំណោមទូក២៩៥គ្រឿងដែលមានកីឡាករកីឡាការិនីចំនួន១៩.០៧០នាក់។

ទូកងប្រវែង៨៧,៣ម៉ែត្រ ដែលជាទូកវែងជាងគេបំផុតជាប់ក្នុងកំណត់ត្រាពិភពលោក ហ្គីណេសក៏បានចូលរួមដែរ។

ក្នុងកម្មវិធីនៅថ្ងៃទី១នេះ ទូកចំនួន៤គ្រឿងបានលិចតែមិនមានគ្រោះថ្នាក់អ្វីទេ។

នេះជាឆ្នាំទីបីហើយ ដែលកម្ពុជាបានប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុកនិង សំពះព្រះខែ ឡើងវិញ បន្ទាប់ពីអាក់ខានមិនបានប្រារព្ធពិធីបុណ្យប្រពៃណីមួយនេះរយៈពេល៣ឆ្នាំជាប់ៗគ្នា កាលពីឆ្នាំ២០១១ ឆ្នាំ២០១២ និងឆ្នាំ២០១៣ ក្រោយពីមានហេតុការណ៍រត់ជាន់គ្នានៅកោះពេជ្រ ដែលបណ្ដាលឲ្យមនុស្សជាង៣៥០នាក់ស្លាប់ ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស