លោក ហ៊ុន សែន ស្នើតែងតាំងក្រុមប្រឹក្សា១៤រូបដែលមានកូនប្រុសទី២របស់លោកមានឋានៈស្មើរដ្ឋមន្ត្រី ទោះជាមានការរិះគន់ចំពោះការតែងតាំងទីប្រឹក្សារដ្ឋាភិបាល រដ្ឋសភាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននៅតែបន្តស្នើតែងតាំងទីប្រឹក្សាសម្រាប់រដ្ឋាភិបាលឯកបក្សរបស់លោក ដោយកូនប្រុសទី២របស់លោកមានឋានៈស្មើរដ្ឋមន្ត្រី។
លោកនាយករដ្ឋមន្ត្រី បានទូលថ្វាយទៅព្រះមហាក្សត្រសុំតែងតាំងមន្ត្រីចំនួន១៤រូបជាក្រុមប្រឹក្សា និងជាទីប្រឹក្សាអមក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ក្នុងនោះមានលោកហ៊ុន ម៉ានិតកូនប្រុសទី២របស់លោកដែល មានឋានៈស្មើរដ្ឋមន្ត្រី។
នេះបើតាមព្រះរាជក្រឹត្យចុះហត្ថលេខាដោយលោក ប៊ិន ឈិន ប្រមុខរដ្ឋស្ដីទី កាលថ្ងៃទី១២ខែវិច្ឆិកាកន្លងមកនេះ។
ព្រះរាជក្រឹត្យបានស្នើដំឡើងឋានៈដល់លោក ហ៊ុន ម៉ានិត ជាសមាសភាពក្រុមប្រឹក្សាភិបាលមានឋានៈស្មើរដ្ឋមន្រ្តី។
ការដំឡើងឋានៈនេះធ្វើឡើងតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី។
បច្ចុប្បន្នលោក ហ៊ុន ម៉ានិតកាន់តំណែងបីសំខាន់ទៀតគឺអគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិ និងជានាយករងខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យ នៃគណៈកម្មាធិការកណ្ដាលនៃគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចរបស់ឪពុកលោក៕