ប្រធានគណៈកម្មការសិទ្ធិមនុស្សរដ្ឋាភិបាលទំនងជាត្រូវស.រ.អា.បដិសេធទិដ្ឋាការ លោកកែវ រ៉េមីប្រធានគណៈកម្មការសិទ្ធិមនុស្សរដ្ឋាភិបាលបានប្រកាសតាមបណ្តាញសង្គមហ្វេសប៊ុកថា លោកនឹកកូនរបស់លោកនៅស.រ.អា. ហើយបានសុំទិដ្ឋាការស.រ.អា.តែត្រូវស្ថានកុងស៊ុលស.រ.អា.ប្រាប់ឲ្យរង់ចាំរយៈពេលបីអាទិត្យ។
នេះបើតាមរូបថតscreensot បង្ហោះសាររបស់លោកតាមបណ្តាញ សង្គមហ្វេសប៊ុក។
លោករង់ចាំជិតពីរសប្តាហ៍នៅតែមិនទាន់មានព័ត៌មានអំពីទិដ្ឋាការនោះទេ។
សារនោះសួរថា «សិទ្ធិមនុស្សនៅឯណា?» ដែលជាពាក្យអ្នករងការរំលោភសិទ្្ធិមនុស្សធ្លាប់បានសួរទៅគណៈកម្មការរបស់លោកនៅពេលមានការរំលោភសិទ្ធិមនុស្ស។
ទោះជាយ៉ាងណាក៏ដោយ សារនោះបន្តថា លើកនេះ ចម្លែក ព្រោះកន្លងមក លោកសុំទិដ្ឋាការ សុុំបានៗ។
លោកបន្តថា លោកនឹងមិនទៅស.រ.អា.ទេ បើទោះជាទទួលបានទិដ្ឋាការក៏ដោយ ព្រោះលោករវល់ខ្លាំង។
សារនេះរងការរិះគន់ និងការចម្អកខ្លាំងក្នុងបណ្តាញសង្គមហ្វេសប៊ុក ដែលថា លោកធ្វើពើជាមិនដឹងខ្លួន ខណៈស.រ.អា.មានវិធានការបន្តឹងទិដ្ឋាការចំពោះមន្ត្រីកម្ពុជាមួយចំនួនដែលពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងបំផ្លាញលទ្ធិប្រជាធិបតេយ្យ។
នៅពេលThe Cambodia Daily ពិនិត្យទំព័រហ្វេសប៊ុកលោកកែវ រ៉េមី ដើម្បីផ្ទៀងផ្ទាត់ សារ screensot នេះមិនមាននៅលើទំព័រហ្វេប៊ុករបស់លោកទេ។
The Cambodia Daily បានព្យាយាមទាក់ទងលោកបញ្ជាក់អំពីសារនេះ តែមិនអាចទាក់ទងបាន។
ទោះជាយ៉ាងណាក្តី ទំព័រហ្វេសប៊ុករបស់លោកមានសារថ្មីមួយដែលថា លោកទៅស.រ.អា.ដោយសារគេចពីសង្គ្រាម ហើយលោកមិនពុករលួយដូចការចោទប្រកាន់ទេ។
លោកអះអាងថា ស.រ.អា.បានផ្តល់សញ្ជាតឲ្យលោកនៅឆ្នាំ១៩៩៨ តែលោកមិនទៅទទួល។
គេហទំព័រស្ថានទូតស.រ.អា.មិនមានប្រតិកម្មនឹងព័ត៌មាននេះទេ៕