កម្ពុជាគ្រោងនឹងអនុវត្តម្រោង២ទៀត ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ មេគង្គ-ឡាងឆាង លើវិស័យទេសចរណ៍ រួមមាន បេតិកភណ្ឌវប្បធម៌ និងធម្មជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាឲ្យកាន់តែច្រើន។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ ហោ មុនីរ័ត្ន ដែលបានជួបប្រជុំជាមួយបណ្តាប្រទេសជាមាជិកមេគង្គ-ឡាងឆាង ទាំងប្រាំរួមាន កម្ពុជា ភូមា ឡាវ ថៃ វៀតណាម និងចិននោះ បានជួបជាមួយលោក តុង ដាយជី ប្រធានលេខាបក្សកុំម្មុយនិសចិនខេត្តហៃណាន ប្រទេសចិន ហើយ លោក តុង ដាយជី បានកត់សម្គាល់ថា កម្ពុជាមានសក្តានុពលខ្លាំង និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាពិសេសវិស័យទេសចរណ៍ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទីក្រុង។
កម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីការអភិវឌ្ឍទេសចរណ៍រវាងទីក្រុង និងទីក្រុង ដោយផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្ស ការតភ្ជាប់ការធ្វើដំណើរតាមផ្លូវអាកាស ផ្លូវទឹក និងការស្វែងយល់ វប្បធម៌រវាងប្រទេសទាំងពីរ ។
កន្លងមក លោក ហ៊ុន សែន តែងអះអាងជារឿយៗថា ប្រទេសចិនគឺជាខ្នងបង្អែក ដ៏រឹងមាំរបស់កម្ពុជាទាំងវិស័យសេដ្ឋកិច្ច នយោបាយ និងយោធា។
ប៉ុន្តែក្រុមអ្នកឃ្លាំមើលធនធានធម្មជាតិបារម្ភថា ទំនាក់ទំនងខាងផ្នែកបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរចិនមកទស្សនាកម្ពុជានេះ នឹងកាន់តែធ្វើឲ្យកម្ពុជាបាត់បង់ធនធម្មជាតិរបស់ខ្លួនទៅវិញ ខណៈឈើប្រណិតរបស់ខ្មែរជាច្រើនត្រូវបានកាប់ ដឹកជញ្ជូនលក់ក្នុងដំលៃថោកទៅឲ្យប្រទេសចិន។
ពួកគេនិយាយថាទំនាក់ទំនងស្អិតរមួតរវាងកម្ពុជា និងចិន ក្នុងរយៈពេលចុងក្រោយនេះហាក់មានភាពមិនប្រក្រតី ហើយថាកម្ពុជានឹងក្លាយជាទាសករបែបទំនើបសំរាប់ប្រទេសចិនប្រសិនបើកម្ពុជាផុងខ្លួនកាន់តែខ្លាំងទៅក្នុងល្បិចនយោបាយ និងប្រាក់កម្ចីរបស់ចិនតទៅទៀតនោះ៕