អាជ្ញាធរកម្ពុជាអំពាវនាវកុំឲ្យមានការរើសអើងជាតិសាសន៍លើជនជាតិចិន

រដ្ឋាភិបាលកម្ពុជាអះអាងថាខ្លួនកំពុងបោះពួយចាត់វិធានការផ្លូវច្បាប់តឹងរឹងលើក្រុមជនជាតិចិនដែលកំពុងប្រកបរបររកស៊ីក្នុងប្រទេសកម្ពុជាជាពិសេសនៅខេត្តព្រះសីហនុ និងបង្កាកុំឲ្យមានការរើសអើងជាតិសាសន៍។

សេចក្តីថ្លែងការណ៍ចំនួនពីរទំព័ររបស់អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ដែលចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី២៧ ខែវិច្ឆិកា អះអាងថា រដ្ឋាភិបាលកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការពង្រឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម សម្រាប់បម្រើផលប្រយោជន៍សាធារណៈ នៅក្នុងខេត្តព្រះសីហនុ។

សេចក្តីថ្លែងការណ៍ដដែលអះអាងថាកន្លងមករដ្ឋាភិបាលក៏បានចាប់ជនបរទេសទាំងឡាយណាដែលប្រព្រឹត្តបទល្មើសហើយបញ្ជូនត្រឡប់ទៅប្រទេសដើមវិញដែរ។

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរដ្ឋាភិបាលក៏បានព្រមានដែរថា រដ្ឋាភិបាលមានគោលនយោបាយច្បាស់លាស់ ដោយមិនអនុញ្ញាតឲ្យមានសកម្មភាពទាំងឡាយណា ដែលមានចរិតរើសអើងពូជសាសន៍កើតមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាបានឡើយ។

ក្រុមប្រជាពលរដ្ឋអះអាងថា ជនជាតិចិនទៅវិញទេ ដែលតែងរើសអើងជនជាតិខ្មែរម្ចាស់ប្រទេស ហើយក្រុមជនជាតិចិនទាំងនោះបានមាក់ងាយមើលថោកពលរដ្ឋខ្មែរជាខ្លាំង។

រហូតមកទល់ពេលនេះ ពលរដ្ឋខ្មែរភាគច្រើនបានរារែកមិនចង់ទៅកម្សាន្តក្នុងខេត្តព្រះសីហនុទៀតឡើយ ដោយសារទីនោះពោរពេញដោយការអុកឡុកករណីបទល្មើសគ្រឿងញៀន អំពើកាប់សម្លាប់ និងករណីបងធំបងតូច ដែលបង្កឡើងដោយក្រុមជនជាតិចិន។

ជាងនេះទៅទៀតតម្លៃសេវ៉ាស្នាក់នៅនឹងម្ហូបអាហារនៅទីនោះបានឡើងថ្លៃកប់ពពកដែលនាំឲ្យពលរដ្ឋសាមញ្ញគ្មានលទ្ធភាពស្នាក់នៅ ឬបរិភោគដូចកាលពីមុនទៀតនោះឡើយ៕

© 2018, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.