សមត្ថកិច្ចខេត្តព្រះសីហនុកំពុងបន្តសាកសួរជនសង្ស័យ៣នាក់ ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ករណីនាំគ្នាប្រើដាវកាប់ ជនជាតិចិន៣ នាក់ឲ្យរងរបួសធ្ងន់ចំនួន២ លើក។
ក្រុមជនសង្ស័យទាំងនោះអះអាងថា ក្រុមជនជាតិចិនទាំងនេះបានរាំឱបមិត្តស្រីរបស់ពួកគេ ហើយបង្កការអុកឡុកនៅក្នុងក្រុងទេសចរណ៍ជាប់មាត់សមុទ្រមួយនេះជាប្រចាំថែមទៀត។
កំណត់ហេតុរបស់នគរបាលខេត្តព្រះសីហនុបង្ហាញថា ជនសង្ស័យទាំងបីនាក់នោះទី១ ឈ្មោះយ៉ា សុក្រី ហៅ កា ភេទប្រុស អាយុ១៨ ឆ្នាំមុខរបរកម្មករសំណង់ផ្នែកជាងភ្លើង។ ទី២ ឈ្មោះហាស់ អាល់ហ្វារី ហៅឌួង ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ផ្នែកជាងភ្លើងមានទីលំនៅភូមិ៥ សង្កាត់លេខ៤ ហើយ ទី ៣ឈ្មោះធឿន សាធិ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ។
កាសែតភ្នំពេញប៉ុស្តិ៍បានដកស្រង់សម្តីលោកកុល ផាលី ស្នងការរងទទួលផែនព្រហ្មទណ្ឌ ចុះផ្សាយកាលពីថ្ងៃទី២៧ខែវិច្ឆិកាថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាពួកគេបានប្រព្រឹត្តបទល្មើសប៉ុនប៉ងមនុស្សឃាតទៅលើជនជាតិចិនទាំង ២ លើកពិតប្រាកដមែន ដោយសារពួកគេខឹងជនជាតិចិនដែលបានមកផឹកស៊ីនៅលើផែទូកទេសចរណ៍ហើយរាំឱបមិត្តស្រីរបស់ពួកគេធ្វើឲ្យជនសង្ស័យខឹងសម្បារជាខ្លាំង ហើយបាននាំគ្នាជិះម៉ូតូ២ គ្រឿងតាមកាប់ជនរងគ្រោះតែម្តង។
លោកបានបន្ថែមថា ជនសង្ស័យបានសារភាពថាពួកគេស្អប់ជនជាតិចិន ពីព្រោះជនជាតិចិនមកដល់ប្រទេសកម្ពុជាពេលផឹកស៊ី ដើរអុកឡុកពេញផ្លូវគ្មានសណ្តាប់ធ្នាប់។ពេលពួកគេស៊ីប្លេ ម៉ូតូឲ្យចៀស បែរជាក្រុមជនជាតិចិនទាំងនោះស្រែជេរពួកគេទៅវិញ។
ក្រុមសង្គមស៊ីវិលក្នុងស្រុកបារម្ភថា ប្រសិនបើរដ្ឋាភិបាលលោកហ៊ុន សែនមិនព្រមចាត់វិធានការផ្លូវច្បាប់ឲ្យមានប្រសិទ្ធភាពលើក្រុមជនជាតិចិនទាំងឡាយដែលតែងតែនាំគ្នាអុកឡុកក្នុងសង្គមកម្ពុជាទេនោះ នោះករណីហិង្សានឹងអាចបន្តកើតមានទៀតជាមិនខាន៕