កម្ពុជា-វៀតណាមប្តេជ្ញារួមគ្នាមិនអនុញ្ញាតឱ្យកម្លាំងអមិត្តប្រើប្រាស់ទឹកដីខ្លួន ដើម្បីប្រឆាំងប្រទេសផ្សេង កម្ពុជានិងវៀតណាមប្រកាសថាខ្លួននឹងមិនអនុញ្ញាតមានកម្លាំងអមិត្តណាមួយ ប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បីប្រឆាំង ឬជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃនោះឡើយ។
ការអះអាងនេះធ្វើឡើងនៅក្នុងសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី២៩ខែវិច្ឆិកា ក្រោយពីជំនួបរបស់លោកប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជាជាមួយលោកផាម ប៊ិញមិញ រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម ក្នុងប្រទេសវៀតណាម។
ការប្តេជ្ញារបស់ប្រទេសទាំងពីរធ្វើឡើងក្រោយពីសារព័ត៌មានThe Asia Times បានចុះផ្សាយថា កាលពីដើមខែវិច្ឆិកាកន្លងទៅនេះ កាសែត The Asia Times បានចុះផ្សាយថា កម្ពុជាអាចក្លាយជាចំណុចកណ្តាលនៃសង្គ្រាមត្រជាក់ថ្មី ដោយសារកម្ពុជាកំពុងផ្តល់លទ្ធភាពឲ្យប្រទេសចិនបោះទីតាំងមូលដ្ឋានទ័ពជើងទឹករបស់ចិនក្នុងខេត្ត កោះកុងតាម រយៈដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនចិន ដែលមានទំហំជាង៤ម៉ឺនហិកតា រយៈពេល ៩៩ឆ្នាំ ដើម្បីសង់កំពង់ផែសមុទ្រទឹកជ្រៅ ដែលអាចឲ្យនាវាចម្បាំងរបស់ចិនចូលចតបាន។
កាសែតដដែលបានចុះផ្សាយថាលោក Mike Pence អនុប្រធានាធិបតីសហរដ្ឋអាមេរិក បានព្រមានលោកហ៊ុន សែនថា ប្រសិនបើពិតដូចការចុះផ្សាយរបស់ព័ត៌មាននេះមែន វានឹងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនង រវាងប្រទេសទាំងពីរ។
ក្រុមអ្នកឃ្លាំមើលនិយាយថា វត្តមានរបស់លោកប្រាក់ សុខុន ក្នុងប្រទេសវៀតណាមគឺដើម្បីលួងប្រទេសវៀតណាមកុំឲ្យយល់ច្រឡំថា កម្ពុជាអនុញ្ញាតឲ្យប្រទេសចិនបោះមូលដ្ឋានកងទ័ពជើងទឹកនៅកម្ពុជា តែប៉ុណ្ណោះស្របពេលដែលវៀតណាមកំពុងមានជម្លោះជាមួយប្រទេសចិនលើបញ្ហាដែនសមុទ្រចិនភាគខាងត្បូងនៅឡើយ៕