34 C
Phnom Penh

កម្ពុជា​អះអាង​ថា​ ខ្លួន​ត្រូវការ​រដ្ឋាភិបាល​បារាំង​ជួយ​ករណី​បោះ​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម​ដែល​នៅ​សេសសល់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​វ៉ា គឹមហុង ​ប្រធាន​គណៈ​កម្មាធិការ​ព្រំដែន​កម្ពុជា ​អះអាង​ថា ​ការ​បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម​ មិន​អាច​បញ្ចប់​នៅ​ឆ្នាំ​២០១៨​ ដូច​ការ​គ្រោងទុក​នោះ​ទេ ​ដោយសារ​បង្គោល​ព្រំដែន​ដែល​នៅ​សេស​សល់​១៦%​ទៀត​ត្រូវ​ការ​ភាគី​បារំាង​ធ្វើ​ជា​អាជ្ញា​កណ្តាល។​

កម្ពុជា​និង​វៀតណាម​ធ្លាប់​បាន​ប្ដេជ្ញា​ថា​ ការ​កំណត់​ខណ្ឌសីមា ​នឹង​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០១៨​នេះ ​ដើម្បី​កសាង​ខ្សែ​ក្រវ៉ាត់​ព្រំដែន​រួមគ្នា​ជា​តំបន់​សន្តិភាព។​

សារ​ព័ត៌មាន​VOD ​កាលពី​ថ្ងៃ​សុក្រ​បាន​ដក​ស្រង់​សម្តី​របស់​លោក​វ៉ា គឹមហុង ​ចុះ​ផ្សាយ​ថា ​រហូត​មកដល់​ពេល​នេះ ​ការ​បោះ​បង្គោល​បាន​សម្រេច​បាន​៨៤%​ ហើយ​លើ​ចំណុច​ដែល​បាន​ឯកភាព​គ្នា ​នៅ​សល់តែ​១៦%​ទៀត​ប៉ុណ្ណោះ​ដែល​ភាគី​ទាំងពីរ​នៅ​មិនទាន់​ព្រមព្រៀង​គ្នា។ ​

លោក​បន្ត​ថា​ភាគី​ទាំងពីរ​កំពុង​រង់ចាំ​ផែនទី​ចម្លង​ពី​ប្រទេស​បារាំង។​

តំណាង​រាស្រ្ត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​និង​ជា​សកម្ម​ជន​ព្រំដែន ​លោក​ អ៊ុំ សំអាន ​បាន​ប្រាប់​កាសែត ​The Cambodia Daily ​ថា ​ប្រសិន​បើ​កម្ពុជា​ចង់​ឲ្យ​ភាគី​បារាំង​ជួយ​បញ្ហា​បោះ​បង្គោល​ព្រំដែន ​ត្រឹមត្រូវ​លុះត្រា​តែ​ជួយ​ លើការ​បោះ​បង្គោល​ព្រំដែន​ចំនួន​៨៤%​មិន​ប្រក្រតី​កន្លង​មក​នោះ ​​ហើយ​គួរតែ​មាន​ក្រុម​បច្ចេក​ទេស​ខាង​ព្រំដែន ​និង​ខាង​ផែនទី​របស់​បារាំង​មក​ចូលរួម​ពិនិត្យ​មើល​លើ​ការ​បោះ​បង្គោល​ព្រំដែន​ទាំង​នោះ។​

កន្លង​មក​កម្ពុជា ​និង​វៀតណាម​បាន​ព្រមព្រាង​គ្នា​ប្រើ​ផែនទី​ខ្នាត​១​លើ​៥០​ពាន់ ដើម្បី​ធ្វើ​ការ​បោះ​បង្គោល​ដែល​ខុស​ពីផែន​ទីខ្នាត​១​លើ​១០០​ពាន់​ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ​របស់​កម្ពុជា៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស