28 C
Phnom Penh

តុលាការ​ក្រុង​ភ្នំពេញ​នឹង​បើក​សវនការ​លើ​សំណុំ​រឿង​មេដឹកនាំ​សហជីព​ធំៗ​ ចំនួន​៦​រូប​នៅថ្ងៃ​ទី​៧​ខែ​ធ្នូ​ខាងមុខ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលា​ដំបូង​រាជធានី​ភ្នំពេញ​នឹង​បើក​សវនការ​ ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​មេ​ដឹកនាំ​សហជីព​ធំៗ​ចំនួន​​៦​រូប​ នៅ​កម្ពុជា​ នៅ​ថ្ងៃ​ទី​៧​ ខែ​ធ្នូ ​ឆ្នាំ​២០១៨​​ខាង​មុខ។​

លិខិត​របស់​លោក​លី សុផាណា ​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដែល​អញ្ជើញ​លោក​ជួង ជូងី ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​អាត់ ធន់ ​និង​លោក​ប៉ាវ ស៊ីណា​ឱ្យ​ដឹង​ថា ​មេ​ដឹកនាំ​សហជីព​ដែល​ត្រូវ​បើក​សវនាការ​នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ​នោះ ​រួមមាន​លោក ​អាត់ ធន់​ លោក ម៉ម ញឹម​ លោក ប៉ាវ ស៊ីណា​លោក ជា មុនី​ លោក រ៉ុង ឈុន ​និង​លោកស្រី​យ៉ាង សោភ័ណ្ឌ ​ដែល​ពួកគេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រព្រឹត្ត​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ បទធ្វើ​ឱ្យ​ខូចខាត​ ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ បទ​គំរាម​កំហែង​ថា ​នឹង​ធ្វើឱ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ហា​អ្វី​មួយ​ និង​បទ​ប្រើ​មធ្យោបាយ​ដើម្បី​ជា​ឧបសគ្គ​ដល់​ចរាចរណ៍​សាធារណៈ​ ដែល​ធ្វើ​ឡើង​នៅ​មុខ​សួន​ឧស្សាហ​កម្ម​កាណាឌីយ៉ា​ស្ថិត​លើ​ផ្លូវ​វ៉េងស្រេង​ កាលពី​ថ្ងៃ​ទី​២៥​​ខែ​ធ្នូ​ឆ្នាំ​២០១៣​​ដល់​ថ្ងៃ​ទី​១៣​ខែ​មករា​ឆ្នាំ​២០១៤។​

កាលពី​ពេល​ថ្មីៗ​នេះ ​លោក ​ហ៊ុន សែន​បាន​ស្នើឱ្យ​ក្រសួង​ពាក់ព័ន្ធ​ បញ្ចប់​រឿង​ក្តី​​របស់​សហជីព​នៅ​តុលាការ​​ត្រឹម​ឆ្នាំ​២០១៨។​

ក្រុម​សហជីព​ទាំង​នេះ​សង្ឃឹម​ថា​ ​តុលាការ​នឹង​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ប្រឆាំង​មក​លើ​ពួកគេ​ទាំង​ស្រុង​ដើម្បី​អាច​ឲ្យ​ពួកគេ ​មាន​សេរីភាព​បំពេញ​ការងារ​ដូច​ពលរដ្ឋ​ទូទៅ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស