27 C
Phnom Penh

បទល្មើសព្រៃឈើនៅខេត្តស្ទឹងត្រែងបន្តកើនឡើងដោយគ្មានការទប់ស្កាត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​កម្មករ​ក្នុង​ការដ្ឋាន​ក្រុមហ៊ុន​វារី​អគ្គិសនី​សេសាន​ក្រោមពីរ​ ស្រុក​សេសាន​ ខែត្រ​ស្ទឹងត្រែង​បាន​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា​ ការ​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​តំបន់​បាតអាង​នៃ​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​២​ នៅតែ​កើត​មាន​ដដែល។

​ពួកគេ​និយាយ​ថា ​ក្នុង​រយៈ​ពេល​ជាង​២​សប្តាហ៍​ចុងក្រោយ​នេះ​  មាន​រថយន្ត​សាំយ៉ុង​ធំៗ​ជិត​២០​គ្រឿង​បាន​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ តំបន់​បាតអាង​នៃ​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​ពីរ​ស្ទើរ​រៀង​រាល់​យប់។​ រថយន្ត​សាំងយ៉ុង​មួយ​គ្រឿង​អាច​ផ្ទុក​ឈើ​បាន​ប្រហែល​៤​ម៉ែត្រ​គូប។​

កម្មករ​ទាំង​នោះ​និយាយថា ​សកម្ម​ភាព​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​តំបន់​បាតអាង​នោះ​កាង​ដោយ​មន្ត្រី​អាវុធ​ហត្ថ​ប្រចាំ​នៅ​តំបន់​នោះ ​និង​មាន​ការ​ការពារ​យ៉ាង​ម៉ឹងម៉ាត់​ថែម​ទៀត។​

រហូត​មក​ទល់​ពេល​នេះ ​ឈើ​មូល​ប្រមាណ​ជាង​​ពាន់​ម៉ែត្រ​គូប​ ក្នុង​តំបន់​បាតអាង​នៃ​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោមពីរ​ត្រូវគេ​ដឹង​ថា ​ត្រូវ​ក្រុមហ៊ុន​របស់​ឧកញ៉ា​គិត ម៉េង​បាន​ស្តុកទុក​អស់​ជាច្រើន​ខែ​មក​ហើយ។​

ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោមពីរ​មាន​ផ្ទៃ​ដីជិត​៤​ម៉ឺន​ហិកតា​ ស្ថិត​ក្នុង​ខែត្រ​ស្ទឹងត្រែង ​ដោយ​​មាន​ក្រុមហ៊ុន​អង់អែន អាសូស៊ីអែត ឡយ័រ​(Ang & Associate Lawyer Co., Ltd )​ដែល​ជា​ក្រុមហ៊ុន​អ្នក​ច្បាប់​របស់​ឧកញ៉ា​គិត ម៉េង​ ទទួល​សិទ្ធិ​សម្អាត​បាតអាង​តាំង​ពី​ឆ្នាំ​២០១២​ទៅ​វិញ។​

ក្រុម​អ្នក​ឃ្លាំមើល​បរិស្ថាន​និយាយ​ថា ​ដោយសារ​មាន​ការចូល​ដៃ​ចូលជើង​ពី​មន្រ្តី​ការពារ​ព្រៃឈើ​ជាមួយ​ក្រុម​ឈ្មួញ​រកស៊ី​ព្រៃឈើ ​បាន​នាំ​ឲ្យ​បទល្មើស​ព្រៃឈើ​នៅតែ​បន្ត​កើត​មាន ​ហើយ​ដែលនាំ​ឲ្យព្រៃ​ឈើ​របស់​ប្រទេស​ស្ទើរ​ហិនហោច​ទាំងស្រុង​តែ​ម្តង៕​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស