កម្ពុជានិងចិនគ្រោងធ្វើសមយុទ្ធយោធារួមគ្នាដែលមានឈ្មោះថា នាគមាសឆ្នាំ២០១៩ក្រោមប្រធានបទប្រឆាំងភេរវកម្ម និងជួយដល់វិស័យមនុស្សធម៌។
សមយុទ្ធនេះនឹងប្រព្រឹត្តទៅនៅអំឡុងខែមីនាឆ្នាំ២០១៩ខាងមុខ នៅទីលានបាញ់គ្រាប់ពិតហ៊ុន សែនជុំគិរី ដែលស្ថិតនៅស្រុកជុំគិរី ខេត្តកំពត ដោយមានលក្ខណៈទ្រង់ទ្រាយធំជាងឆ្នាំកន្លងទៅផងដែរ។
គំរោងនៃការធ្វើសមយុទ្ធយោធារួមគ្នាជាមួយចិនបានសម្រេចឡើងនៅជំនួបរវាងលោកឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការងនៃកងយោធពលខេមរភូមិន្ទ ជាមួយភាគីចិន ដែលដឹកនាំដោយលោកសេង យុនឡៃ(SHENG YUNLAI) នាយរងសេនាធិការកងទ័ពជើងគោកនៃកងទ័ពរំដោះប្រជាជនចិនកាលពីថ្ងៃច័ន្ទ។
ភាគីកម្ពុជាអះអាងថា សមយុទ្ធនាគមាសឆ្នាំ២០១៩ធ្វើឡើងក្នុងបុព្វហេតុឱ្យកងទ័ពនៃប្រទេសទាំងពីរ កាន់តែជិតស្និទនឹងគ្នាបន្ថែមទៀតក្នុងបេសកកម្មការងាររួមគ្នា។
កន្លងមកកម្ពុជា និងចិនបានធ្វើសមយុទ្ធយោធានាគមាសចំនួន២ លើករួចមកហើយ គឺលើកទីមួយនៅឆ្នាំ២០១៦ក្រោមប្រធានបទ ការជួយសង្គ្រោះមហន្តរាយ និងមនុស្សធម៌និងលើកទីពីរនៅចុងខែមីនាឆ្នាំ ២០១៨ នេះ ក្រោមប្រធានបទ ប្រឆាំងអំពើភេរវកម្ម និងការងារមនុស្សធម៌។
វិស័យយោធាកម្ពុជា និងចិនត្រូវគេមើលឃើញថា កាន់តែមានភាពជិតស្និទជាងមហាអំណាចអាមេរិក។ ក្នុងរយៈពេលចុងក្រោយនេះ កម្ពុជាបានបោះបង់ការធ្វើសមយុទ្ធយោធាជាមួយអាមេរិកក្រោយពីរដ្ឋាភិបាលក្រុងប៉េកាំងបានជះលុយដ៏ច្រើនសន្ធឹកសន្ធាប់ និងសន្យាការពារការគ្រប់គ្រងអំណាចរបស់លោកហ៊ុន សែន៕