ក្រុមតំណាងរាស្រ្តរបស់គណបក្សកាន់អំណាចចំនួន៨៧រូប ស្នើ ឲ្យមានការធ្វើវិសោធនកម្មចំណុចមួយចំនួននៃច្បាប់ស្តីពីគណបក្ស នយោបាយដើម្បីផ្តល់សិទ្ធិឲ្យអតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិមានសិទ្ធិធ្វើនយោបាយឡើងវិញ។
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាដែលចេញផ្សាយជាសាធារណៈកាលពីថ្ងៃច័ន្ទ បានឲ្យដឹងថា បុគ្គលដែលត្រូវតុលាការ សម្រេចហាមឃាត់ការធ្វើសកម្មភាពនយោបាយនឹងអាចទទួលបានវិញ នូវសិទ្ធិនយោបាយពេញលេញដោយពេញច្បាប់ បន្ទាប់ពីផុតរយៈពេលនៃការហាមឃាត់ ដែលកំណត់ដោយសាលដីការបស់តុលាកំពូល ឬ ក្នុងករណីដែលបុគ្គលនោះត្រូវបានផ្តល់នីតិសម្បទាឡើងវិញដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្ត្រី និងតាមសេចក្តីស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
គណបក្សសង្រ្គោះជាតិត្រូវបានរបបលោក ហ៊ុន សែន រំលាយចេញពីបញ្ជីនយោបាយកាលពីចុងឆ្នាំ២០១៧។ ជាងនេះទៅទៀតតុលាការកំពូលរបស់របបក្រុងភ្នំពេញក៏បានបញ្ជាឱ្យមានការហាមឃាត់ផ្នែកនយោបាយ រយៈពេល៥ឆ្នាំ ដល់សមាជិកជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិចំនួន១១៨នាក់ថែមទៀត។
ក្រុមអ្នកឃ្លាំមើលនិយាយថា របបនយោបាយហាក់មានភាពធូរស្រាលចុងក្រោយនេះ អាចដោយសារមានសម្ពាធខ្លាំងពីសហគមន៍អន្តរជាតិ ជាពិសេសសហភាពអឺរ៉ុបដែលកំពុងបោះពួយដកប្រព័ន្ធអនុគ្រោះពន្ធចេញពីកម្ពុជា ខណៈរបបលោកហ៊ុន សែន នៅបន្តឃុំខ្លួនលោក កឹម សុខាប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុងផ្ទះនៅឡើយនោះ៕