លោក ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចផ្លូវការក្នុងប្រទេសវៀតណាម ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ដែលចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី៤ ខែធ្នូបានឲ្យដឹងថា មន្រ្តីជាន់ខ្ពស់ ដែលអមដំណើរជាមួយលោកហ៊ុន សែន រួមមានលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស លោក វ៉ា គឹមហុង ប្រធានអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែនលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្រ្តីកំពូលៗរបបលោកជាច្រើនរូបទៀត។
ដំណើរទស្សនកិច្ចផ្លូវការរបស់លោក ហ៊ុន សែន និងក្រុមមន្រ្តីកំពូលៗ ក្នុងរដ្ឋបាលរបស់លោកនឹងធ្វើឡើងក្រោយពីដំណើរទស្សនកិច្ចរបស់លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាទៅកាន់ទីក្រុង ហាណូយដើម្បីជួបជាមួយលោកផាម ប៊ិនមិញ រដ្ឋមន្រ្តីការបរទេសវៀតណាមកាលពីចុងខែវិច្ឆិកា ដោយភាគីទាំងពីរបានប្រកាសប្តេជ្ញាថា មិនឲ្យកម្លាំងអមិត្តណាមួយ ប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បីប្រឆាំង ឬជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃនោះឡើយ។
ទោះជាយ៉ាងណាក៏ ដោយរហូតមកទល់ពេលនេះ កម្ពុជា និងវៀតណាម នៅមិនទាន់បានបញ្ជាក់ទេ ថា តើក្រុមអមិត្តនោះជានរណានៅឡើយឲ្យប្រាកដនោះទេ។
ការប្រកាសរបស់កម្ពុជា និងវៀតណាមធ្វើឡើងក្រោយពីសារព័ត៌មានThe Asia Timesបានចុះផ្សាយថា កម្ពុជាអាចក្លាយជាចំណុចកណ្តាលនៃសង្គ្រាមត្រជាក់ថ្មី ដោយសារកម្ពុជាកំពុងផ្តល់លទ្ធភាពឲ្យប្រទេសចិនបោះទីតាំងមូលដ្ឋានទ័ពជើងទឹករបស់ចិនក្នុងខេត្តកោះកុង៕