រដ្ឋសភាបានបញ្ជូនសេចក្ដីស្នើច្បាប់ ស្ដីពីវិសោធនកម្មមាត្រា៤៥ថ្មី(ស្ទួន) នៃច្បាប់ស្ដីពីគណបក្សនយោបាយទៅគណៈ កម្មការជំនាញនៃរដ្ឋសភាហើយ នៅព្រឹកថ្ងៃទី៥ ធ្នូដើម្បីផ្ដល់សិទ្ធិធ្វើនយោបាយដល់ក្រុមមន្ត្រីបក្សប្រឆាំងឡើងវិញ។
គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា កាលពីថ្ងៃទី៥ ខែធ្នូ ប្រកាសថា សេចក្តីស្នើច្បាប់ស្ដីពីវិសោធនកម្ម មាត្រា៤៥ថ្មី (ស្ទួន) ត្រូវបានប្រគល់ឲ្យគណៈកម្មការជំនាញចំនួន២គឺគណៈកម្មការនីតិកម្ម និងគណៈកម្មការមហាផ្ទៃ ដើម្បីពិនិត្យហើយត្រូវធ្វើរបាយការណ៍មកឲ្យគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាវិញ។
ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី៣ ធ្នូ អះអាងថា រដ្ឋសភាកំពុងធ្វើវិសោធនកម្មច្បាប់ ផ្ដល់សិទ្ធិឲ្យមន្ត្រីគណបក្សប្រឆាំងចំនួន១១៨នាក់ធ្វើនយោបាយឡើងវិញសម្រាប់ក្រុមអ្នកដែលមិនពាក់ព័ន្ធនឹងចលនាផ្តួលរំលំរដ្ឋាភិបាល។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោកម៉ែន ណាតបានប្រាប់កាសែត The Cambodia Dailyតាមទូរស័ព្ទថា រដ្ឋាភិបាលលោកហ៊ុន សែនអាចនឹងលើកលែងទណ្ឌកម្មនយោបាយដល់ក្រុមមន្រ្តីបក្សប្រឆាំងតិចជាង១០០នាក់ ដោយសារអ្នកទាំងនោះមិនបានចូលរួម ជាមួយចលនាសង្គ្រោះជាតិរបស់លោកសម រង្ស៊ី។
លោកម៉ែន ណាត បន្តថា ក្រោយពីក្រុមមន្រ្តីរបស់បក្សសង្គ្រោះជាតិទទួលបានសិទ្ធិនយោបាយហើយ ពួកគេត្រូវតែបន្តការទាមទារឲ្យមានការបោះឆ្នោតជាតិ និងផ្តល់សុពលភាពដល់ក្រុមមន្រ្តីក្រុមប្រឹក្សា–ឃុំសង្កាត់របស់ បក្សប្រឆាំងឡើងវិញ៕