រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី៥ ខែធ្នូ បានព្រមព្រៀងទិញថាមពល អគ្គិសនីពីប្រទេសឡាវ ដែលនៅជាប់ព្រំដែនខេត្តស្ទឹងត្រែងរបស់កម្ពុជាក្នុងមានថាមពលប្រហែល៥រយគីឡូវ៉ុល។
ការសម្រេចទិញថាមពលអគ្គិសនីពីប្រទេសឡាវនេះ ធ្វើឡើងក្នុងពេលលោកហ៊ុន សែន និងក្រុមមន្ត្រីជាន់ខ្ពស់របស់លោកបានទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ នៅថ្ងៃទី៥ ខែធ្នូ តាមការអញ្ជើញពីនាយករដ្ឋមន្ត្រីឡាវ លោកថងលួន ស៊ីសូលីត។
ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាលើឯកសារសំខាន់ៗមួយចំនួនទៀត រួមមាន ការធ្វើបត្យាប័នក្នុងការដោះដូរអ្នកទោស កិច្ចព្រមព្រៀងលើ វិស័យអប់រំ អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងសិល្បៈ និងអនុស្សរណៈស្ដីពីការខ្ចីសត្វដំរីសម្រាប់ការបង្ហាញសិល្បៈ និងការផ្លាស់ប្ដូរវប្បធម៌នៅសួនសត្វសាហ្វារី ក្នុងទីក្រុងភ្នំពេញថែមទៀត។
ជាងនេះទៅ លោកហ៊ុន សែន និង លោកថងលូន ស៊ីសូលីត យល់ព្រមជាមួយគ្នាប្រគល់ភារៈកិច្ចឲ្យប្រមុខការទូតនៃប្រទេសទាំងពីរធ្វើ ការងារបច្ចេកទេសក្នុងបញ្ហាបោះបង្គោលព្រំដែនដើម្បីផ្ញើទៅប្រធានាធិបតីបារាំង លោកម៉ាក្រុង ឲ្យជួយផ្ដល់ផែនទីបោនខ្នាត១លើ១០០ពាន់ ដើម្បីឈានទៅរកការបញ្ចប់បញ្ហាជម្លោះព្រំដែន រវាងប្រទេសទាំងពីរនៅពេលខាងមុខ។
ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាលើចំណុចសំខាន់ចំនួនបី ទី១ គឺគ្មានវត្តមានកងទ័ពនៃប្រទេសនៅតំបន់អូរតាង៉ាវក្នុងខេត្តស្ទឹងត្រែង។ ទី២ គឺគ្មានប្រជាជនធ្វើអាជីវកម្មនៅទីនោះ ហើយទី៣ យោធានៃប្រទេសទាំងពីរត្រូវតែធ្វើរួមគ្នា រួមទាំងលើកគោក ផ្លូវទឹក និងផ្លូវអាកាស ក្នុងការចុះល្បាតផ្សេងៗ៕