29 C
Phnom Penh

ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា​អះអាង​ថា​ លោក​កឹម​ សុខា​អាច​នឹងត្រូវ ​ដោះលែង​នៅ​មុន​បុណ្យចូល​ឆ្នាំ​ខ្មែរ​ខាងមុខ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា​លោក​ព្រាប កុល​បាន​ព្យាករណ៍​ថា ​លោក​កឹម សុខា​អាច​នឹង​ត្រូវ​ដោះលែង​នៅមុន​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ ក្នុង​អំឡុង​ខែ​មេសា ​ឆ្នាំ​២០១៩​ខាង​មុខ​ ហើយ​ប្រហែល​ជាមាន​តែ​ក្រុម​របស់​លោក​កឹម សុខា​ទេ​ ដែល​អាច​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ ក្រោយ​ការ​ធ្វើ​ វិសោធន​កម្ម​ច្បាប់​គណបក្ស​នយោបាយ​ត្រង់​មាត្រា​៤៥​ថ្មី​(ស្ទួន)។​

រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ​លោក​ស ខេង​ កាល​ពី​ថ្ងៃ​ទី​៤​ខែ​ធ្នូ​និយាយ​ថា​ ក្នុង​ចំណោម​មន្រ្តី​ចំនួន​១១៨​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មាន​មន្រ្តី​ មួយ​ចំនួន​ធំ​បាន​អនុវត្ត​តាម​សាលក្រម​របស់​តុលាការ​កំពូល​ក្រោយពី​តុលាការ​មួយ​នេះ ​បាន​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ ​និង​បិទ​សិទ្ធិ​ធ្វើ​នយោបាយ​ របស់​មន្រ្តី​បក្ស​សង្គ្រោះ​ជាតិ​ទាំង​១១៨​រូប​កន្លង​មក​នោះ។​

លោក​ព្រាប កុល​បាន​សរសេរ​នៅ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​៥​ ខែ​ធ្នូ​ថា​ ច្បាប់​វិសោធន​កម្ម​មាត្រា​៤៥​ថ្មី​(ស្ទួន)​នៃ​ច្បាប់​គណបក្ស​នយោបាយ​ នឹង​ត្រូវ​អនុមត័​ក្នុង​ពេល​ឆាប់ៗ​នេះ ​ដើម្បី​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ឲ្យ​អតីត​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ប៉ុន្តែ​មិនមែន​ទាំង​១១៨​នាក់​នោះ​ទេ។ ​លោក​បញ្ជាក់​ថា ​ភាគ​ច្រើន​នៃ​អ្នក​ដែល​ទទួល​បាន​សិទ្ធិ​ធ្វើ​នយោបាយ​មក​វិញ​មុន​គេ ​គឺ​ក្រុម​មន្រ្តី​ដែល​ស្មោះស្ម័គ្រ​ជាមួយ​លោក​កឹម សុខា។​

លោក​បន្ត​ថា​ ប្រសិន​បើ​ក្រុម​អ្នក​គាំទ្រ​លោក​សម រង្ស៊ី ​និង​ក្រុម​អ្នក​គាំទ្រ​លោក​កឹម សុខា​បន្ត​ធ្វើ​សង្រ្គាម​ពាក្យ​សម្តី​ដាក់​គ្នា​ទៀត ​លទ្ធផល​ចុង​ក្រោយ​ គឺ​ជម្លោះ​នេះ​កាន់​តែ​រីក​រាលដាល​ឡើងៗ​រហូត​ឈាន​ទៅ​ដល់​ការ​ចែក​ផ្លូវ​គ្នា​ដើរ។​

លោក​បន្ត​ថា ​ប្រជា​ប្រិយភាព​របស់​លោក​​សម រង្ស៊ី​មិន​បាន​ធ្លាក់​ចុះ​ទេ​ ហើយ​គាត់​នៅតែ​មាន​អ្នក​គាំទ្រ​ច្រើន​ ទាំង​នៅ​ក្នុង ​និង​នៅ​ក្រៅ​ប្រទេស ​ដូច្នេះ​បើ​ក្រុម​លោក​កឹម សុខា​សម្រេច​ចូល​ប្រឡូក​នយោបាយ​វិញ​ដោយ​ទុក​លោក​សម រង្ស៊ី​ឲ្យ​នៅ​ក្រៅឆាក​ ហើយ​លទ្ធផល​បោះឆ្នោត​លើក​ក្រោយ​ គឺ​ច្បាស់​ជា​ចាញ់​បក្ស​កាន់​អំណាច​បច្ចុប្បន្ន​មិន​ខាន៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស