ក្រុមអង្គការសង្គមស៊ីវិលដែលមានសមាគមនិងសហជីពកម្មករជាច្រើនបានស្នើសុំឲ្យសាលាក្រុងភ្នំពេញអនុញ្ញាតឲ្យពួកគេប្រារព្ធខួបលើកទី៧០ នៃទិវាសិទ្ធិមនុស្ស១០ឆ្នូ។ ក្រុមសង្គមស៊ីវិលទាំងនោះអះអាងថា ពួកគេមានគ្នាប្រហែល១ពាន់នាក់ មានគម្រោង ដើរហែក្បួនពីសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមានទីតាំងក្បែរវត្តភ្នំឆ្ពោះទៅទីលានប្រជាធិបតេយ្យ ក្នុងរាជធានីភ្នំពេញ។
ក្រុមសង្គមស៊ីវិលទាំងនោះឲ្យដឹងថា ទិវាសិទ្ធិមនុស្ស១០ធ្នូ នៅឆ្នាំ២០១៨នេះ នឹងធ្វើឡើង ក្រោមប្រធានបទ រួមគ្នាធ្វើឲ្យប្រសើរឡើងវិញនូវសិទ្ធិជាមូលដ្ឋាន និងប្រជាធិបតេយ្យក្នុងបំណងរួមចំណែកលើកកម្ពស់ការគោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម និងប្រជាធិបតេយ្យនៅកម្ពុជា។
រហូតមកទល់ពេលនេះ សាលាក្រុងភ្នំពេញឲ្យដឹងថា ពួកគេជួបប្រជុំជាមួយតំណាងអង្គការសមាគមទាំងឡាយណា ដែលមានគម្រោងរៀបចំទិវាសិទ្ធិមនុស្សថ្ងៃ១០ធ្នូ នៅព្រឹកថ្ងៃសុក្រនេះ នៅសាលាក្រុង ភ្នំពេញតែម្តង។
ក្រុមសង្គមស៊ីវិលក្នុងស្រុកជំរុញឲ្យអាជ្ញាធររាជធានីភ្នំពេញកុំប្រើអំពើហិង្សា ឬគំរាមកំហែងណាមួយមកលើពួកគេក្នុងពេលពួកគេប្រារព្ធ ខួបសិទ្ធិមនុស្ស១០ធ្នូ ខាងមុខ៕