26 C
Phnom Penh

អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ​អាមេរិកាំង​ជំរុញ​ឲ្យ​សភា​អាមេរិក​ជួយ​ដល់​វិស័យ​ យុវជន​របស់​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ​អាមេរិកាំង​គឺ​លោក​ទូច វិបុល​ ជំរុញ​ឲ្យ​សភា​អាមេរិក​យក​ចិត្ត​ទុកដាក់​អំពី​បញ្ហា​យុវជន​កម្ពុជា​ឲ្យ​បាន​ច្រើន​ជាង​មុន ​ដោយសារ​តួលេខ​នៃ​ការ​បោះឆ្នោត​កន្លង​មក​ គឺ​យុវជន​មាន​សំឡេង​លើ​៥០%​នៃ​ចំនួន​អ្នក​មាន​សិទ្ធិ​បោះឆ្នោត។​​

ការ​អះអាង​របស់​លោក​ទូច វិបុល​ ធ្វើ​ឡើង​ក្រោយ​ពី​ជំនួប​ជាមួយ​ក្រុម​តំណាង​រាស្រ្ត​អាមេរិកាំង​រួមមាន​លោក​អាលែន ឡូវែនថល​ និង​លោក​ស្ទីវ ឆាបុត្រ ​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។​

លោក​ទូច វិបុល​ អះអាង​ថា​ សហ​រដ្ឋ​អាមេរិក​គួរ​មាន​ការ​លើក​កម្ពស់​ដល់​យុវជន​ឲ្យ​ចូលរួម​កាន់​តែច្រើន​ និង​កាន់តែ​សកម្ម​ថែម​ទៀត​ក្នុង​វិស័យ​នយោបាយ ​ភាព​ស្មើ​គ្នា​រវាង​យុវជន​ដែល​មាន​ភេទ​ទីបី​ និង​ការ​តស៊ូ​មតិ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស ​នីតិរដ្ឋ​ ការ​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ និង​ការ​គោរព​គោល​ការណ៍​ប្រជា​ធិបតេយ្យ​ជា​ដើម។​

លោក​ទូច វិបុល​បញ្ជាក់​ថា ​លោក​អាលែន ឡូវែនថល​ បាន​ប្រាប់​លោក​ថា​ សហ​រដ្ឋ​អាមេរិក​នឹង​បន្ត​ការ​ដាក់​សម្ពាធ​បន្ថែម​ដល់​រដ្ឋា​ភិបាល​កម្ពុជា ​ដូចជា​ការ​ដាក់​ទណ្ឌកម្ម​បិទ​ទិដ្ឋាការ​ និង​បង្កក​ទ្រព្យ​សម្បត្តិ​លើ​មន្រ្តី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា​ និង​សាច់​ញាតិ​របស់​ពួក​គេ។​

លោក​បន្ត​ថា  ​រហូត​មក​ទល់​ពេល​នេះ​សភា​អាមេរិក​ក៏​បាន​ដាក់​បញ្ចូល​ ឈ្មោះ​របស់​ក្រុម​មន្រ្តី​បក្ស​កាន់​អំណាច​នៅ​កម្ពុជា​បន្ថែម​ទៀត​ទៅ​ក្នុង​បញ្ជី​ខ្មៅ​នៃ​អ្នក​ដែល​រំលោភ​សិទ្ធិ​មនុស្ស​​សម្រាប់​ដាក់​ទណ្ឌកម្ម​នៅ​ពេល​ណា​សេចក្តី​ព្រាង​ច្បាប់​លេខH.R. 5754 ​ដែល​កំពុង​ស្ថិត​ដៃ​របស់​ព្រឹទ្ធ​សភា ​និង​សេចក្តី​ព្រាង​ច្បាប់​លេខ​ S.2412​ចូល​ជា​ធរមាន​ នៅ​ពេល​ណា​មួយ​នោះ៕​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស