ស្ថាប័នសារព័ត៌មានមួយចំនួននៅកម្ពុជាជំរុញឲ្យតុលាការកម្ពុជាទម្លាក់ ចោលការចោទលើអតីតបុគ្គលិកអាស៊ីសេរីពីររូបដើម្បីឲ្យពួកគេមានសេរីភាពពេញលេញដូចពលរដ្ឋទូទៅ។
ក្រុមអ្នកសារព័ត៌មានមកពីកាសែតខ្មែរប៉ុស្តិ៍ អ្នកយកព័ត៌មានឲ្យវិទ្យុខ្មែរកម្ពុជាក្រោម វិទ្យុវីអូឌី(VOD)និងអ្នកយកព័ត៌មានឲ្យវិទ្យុសំឡេងសហរដ្ឋអាមេរិកជាដើមចង់ឃើញតុលាការនៃក្នុងរបបលោកហ៊ុន សែន ទម្លាក់ចោលការចោទប្រកាន់មកលើអតីតបុគ្គលិកអាស៊ីសេរីពីរនាក់គឺលោកអ៊ួន ឈិន និងលោកយាង សុធារិន ដោយសារអ្នកទាំងពីរជាមនុស្សស្លូតត្រង់ និងធ្វើការដើម្បីចិញ្ចឹមជីវិតប៉ុណ្ណោះ។
ពួកគេនិយាយថា ស្ថានភាពសារព័ត៌មាននៅតែមិនទាន់មានភាពល្អប្រសើរនៅឡើយទេ ទោះបីជារដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗនេះបានបើកភ្លើងខៀវឲ្យវិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិកដំណើការនៅកម្ពុជាឡើងវិញក៏ដោយនោះ។
ក្រសួងការបរទេសកម្ពុជាកាលពីដើមសប្តាហ៍នេះបានប្រកាសថា វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិក ដែលបានបិទការិយាល័យរបស់ខ្លួននៅកម្ពុជាជាងមួយឆ្នាំមកហើយនោះអាចបើកការិយាល័យខ្លួន នៅកម្ពុជាឡើងវិញ ចំណែកស្ថាប័នកាសែតThe Cambodia Dailyក៏អាចចាប់ផ្តើមដំណើរការបានវិញដែរ ប៉ុន្តែត្រូវដោះស្រាយបំណុលពន្ធដារចំនួនជាង៦លានដុល្លារនោះជាមុនសិន។ ប៉ុន្តែអ្នកស្រីDeborah Krisher-Steeleដែលជាម្ចាស់កាសែត The Cambodia Dailyប្រកាសថា កាសែតមួយនេះនឹងមិនវិលត្រឡប់ទៅកម្ពុជាវិញនោះទេ ដរាបណាកម្ពុជានៅតែអនុវត្តនយោបាយចាប់ហើយដោះលែងវិញ ការធ្វើទុក្ខបុកម្នេញដដែលៗ អំពើពុករលួយ ការប្រើប្រាស់ស្ថាប័នពន្ធដារ និងតុលាការជាឈ្នាន់ដើម្បីគំរាមកំហែងខាងផ្នែក នយោបាយដល់ស្ថាប័នសារព័ត៌មាននោះ៕