38.1 C
Phnom Penh

ក្រុម​មេ​ដឹកនាំ​សហជីព​ជំរុញ​ឲ្យ​តុលាការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​ ទាំង​ឡាយ​មក​លើ​ពួកគេ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​ក្រុង​ភ្នំពេញ​កាលពី​ម្សិលមិញ​បាន​បើក​សវនាការ​លើ​សំណុំ​រឿង​របស់​ប្រធាន​សហជីព​ធំៗ​នៅ​កម្ពុជា​ចំនួន​៦​រូប​ ហើយ​តុលាការ​អាច​នឹង​ប្រកាស​សាល​ក្រម​នៅថ្ងៃ​ទី​១១​ខែ​ធ្នូ​ខាង​មុខ។​  

ការ​ជំនុំ​ជម្រះ​របស់​តុលាការ​កាលពី​ថ្ងៃ​សុក្រ​ធ្វើ​ឡើង​ដោយ​គ្មាន​វត្តមាន​ ប្រធាន​សហជីព​ចូល​រួម​គឺ​មាន​តែ​មេធាវី​របស់​ពួកគេ​ប៉ុណ្ណោះ ​ដោយ​សារ​មេ​សហជីព​ខ្លះ​កំពុង​រស់​នៅ​ភៀសខ្លួន​ក្រៅ​ប្រទេស​ ហើយ​មេ​សហជីព​ផ្សេង​ទៀត​កំពុង​បំពេញ​បេសកម្ម​នៅ​បរទេស។​ ​

រហូត​មក​ទល់​ពេល​នេះ ​លោក​ជា មុនី ​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​នៅ​ឡើយ។​ 

ប្រធាន​សហភាព​សហជីព​កម្ពុជា​លោក​រ៉ុង ឈុន​បាន​ប្រាប់​កាសែត The Cambodia Daily​ថា ​សំណុំ​រឿង​នេះ​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​តុលាការ​ប្រកាស​សាលក្រម​ថ្ងៃ​ទី​១១​​ធ្នូ​ខាង​មុខ។​ ជាង​នេះទៅ​ទៀត​ លោក​បាន​ជំរុញ​ឲ្យ​តុលាការ​ធ្វើ​ការ​ដោះលែង​លោក​កឹម សុខា​ ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ដែរ​ដើម្បី​បង្ហាញ​ថា ​កម្ពុជា​មាន​ឆន្ទៈ​ក្នុង​ការ​ស្តារ​ស្ថាន​ការណ៍​នយោបាយ​ឡើង​វិញ។​

កាលពី​ចុង​ខែ​វិច្ឆិកា​កន្លង​ទៅ ​ លោក​ហ៊ុន សែន​បាន​បញ្ជា​ឲ្យ​ក្រសួង​យុត្តិធម៌​ និង​ក្រសួង​ការងារ​ឲ្យ​អន្តរាគមន៍​បញ្ចប់​សំណុំ​រឿង​មេ​សហជីព​នេះ​ឲ្យ​​បាន​ឆាប់។​

ក្រុម​អ្នក​ឃ្លាំមើល​និយាយ​ថា​ ការ​បញ្ជា​របស់​លោក​ហ៊ុន សែន​ឲ្យ​បញ្ចប់​សំណុំ​រឿង​មេ​ដឹក​នាំ​សហជីព​ទាំង​នេះ​ឲ្យ​បាន​ឆាប់​ចប់ ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​សហ​ភាព​អឺរ៉ុប​កំពុង​បោះ​ពួយ​លុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​ផលិត​គ្រប់​ប្រភេទ​លើក​លែង​តែ​អាវុធ​ឬ​ហៅថា​ EBA សម្រាប់​កម្ពុជា៕​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស