សាលាដំបូងក្រុងភ្នំពេញកាលពីម្សិលមិញបានបើកសវនាការលើសំណុំរឿងរបស់ប្រធានសហជីពធំៗនៅកម្ពុជាចំនួន៦រូប ហើយតុលាការអាចនឹងប្រកាសសាលក្រមនៅថ្ងៃទី១១ខែធ្នូខាងមុខ។
ការជំនុំជម្រះរបស់តុលាការកាលពីថ្ងៃសុក្រធ្វើឡើងដោយគ្មានវត្តមាន ប្រធានសហជីពចូលរួមគឺមានតែមេធាវីរបស់ពួកគេប៉ុណ្ណោះ ដោយសារមេសហជីពខ្លះកំពុងរស់នៅភៀសខ្លួនក្រៅប្រទេស ហើយមេសហជីពផ្សេងទៀតកំពុងបំពេញបេសកម្មនៅបរទេស។
រហូតមកទល់ពេលនេះ លោកជា មុនី អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាកំពុងភៀសខ្លួននៅក្រៅប្រទេសនៅឡើយ។
ប្រធានសហភាពសហជីពកម្ពុជាលោករ៉ុង ឈុនបានប្រាប់កាសែត The Cambodia Dailyថា សំណុំរឿងនេះនឹងត្រូវបញ្ចប់នៅថ្ងៃតុលាការប្រកាសសាលក្រមថ្ងៃទី១១ធ្នូខាងមុខ។ ជាងនេះទៅទៀត លោកបានជំរុញឲ្យតុលាការធ្វើការដោះលែងលោកកឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែរដើម្បីបង្ហាញថា កម្ពុជាមានឆន្ទៈក្នុងការស្តារស្ថានការណ៍នយោបាយឡើងវិញ។
កាលពីចុងខែវិច្ឆិកាកន្លងទៅ លោកហ៊ុន សែនបានបញ្ជាឲ្យក្រសួងយុត្តិធម៌ និងក្រសួងការងារឲ្យអន្តរាគមន៍បញ្ចប់សំណុំរឿងមេសហជីពនេះឲ្យបានឆាប់។
ក្រុមអ្នកឃ្លាំមើលនិយាយថា ការបញ្ជារបស់លោកហ៊ុន សែនឲ្យបញ្ចប់សំណុំរឿងមេដឹកនាំសហជីពទាំងនេះឲ្យបានឆាប់ចប់ ធ្វើឡើងស្របពេលដែលសហភាពអឺរ៉ុបកំពុងបោះពួយលុបចោលប្រព័ន្ធអនុគ្រោះពន្ធលើផលិតគ្រប់ប្រភេទលើកលែងតែអាវុធឬហៅថា EBA សម្រាប់កម្ពុជា៕