សកម្មជនបរិស្ថានរកឃើញថា មានការបង្ហូរទឹកកខ្វក់ចូលទៅក្នុងទឹកសមុទ្រនៅតាមតំបន់ឆ្នេរអូរឈើទាលនៃខេត្តព្រះសីហនុ ខណៈតំបន់នោះមានបំពង់លូជិត៣០កន្លែង សុទ្ធសឹងតែមានការបង្ហូរទឹកកខ្វក់ ចូលទៅក្នុងសមុទ្រ។
សកម្មជនរបស់អង្គការមាតាធម្មជាតិ លោក ថុន រដ្ឋា បានអះអាងនៅក្នុងវីដេអូឃ្លីបមួយដែលបានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី៨ ខែធ្នូថាទឹកកខ្វក់ទាំងនោះបានហូរចេញពីប្រព័ន្ធលូ របស់សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន នៅតាមបណ្តោយឆ្នេរ ដែលកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន និងសុខភាពភ្ញៀវទេសចរដែលទៅលេងកម្សាន្តនៅក្បែរនោះ។
លោកទាមទារឱ្យមន្ត្រីជំនាញទទួលខុសត្រូវចំពោះការបណ្តែតបណ្តោយឱ្យឆ្នេរអូរឈើទាលរងការបំពុលយ៉ាងខ្លាំងពីទឹកកខ្វក់ទាំងនោះ។
លោកថុន រដ្ឋាអះអាងថា ទឹកកខ្វក់ទាំងនោះ មានផ្ទុកទៅដោយពពួកបាក់តេរី និងប៉ារ៉ាស៊ីត ដែលសុទ្ធសឹងជាប្រភពនៃជំងឺឆ្លងជាច្រើនប្រភេទ។ ក្រុមមន្រ្តីក្រសួងបរិស្ថានអះអាងថា ពួកគេកំពុងស្វែងរកលទ្ធភាពដោះស្រាយបញ្ហាទឹកកខ្វក់ទាំងនេះ ឱ្យបានចប់សព្វគ្រប់ យ៉ាងយូរបំផុតត្រឹមដើមឆ្នាំ២០១៩ខាងមុខ៕