អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watchបានជំរុញទៅរដ្ឋាភិបាលកម្ពុជាលុបចោលច្បាប់ទាំងឡាយដែលរឹតត្បិតសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ។
នាយករងរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិHuman Rights Watch ប្រចាំតំបន់អាស៊ីលោកPhil Robertsonអះអាងថា ទោះបីរដ្ឋាភិបាលកម្ពុជាចាប់ផ្ដើមបើកចំហឡើងវិញនូវសេរីភាពរបស់អង្គការសង្គមស៊ីវិល តាមរយៈការលុបចោលនូវលក្ខខណ្ឌតម្រូវឲ្យក្រុមសង្គមស៊ីវិលជូនដំណឹងឲ្យបាន៣ថ្ងៃមុនធ្វើសកម្មភាពក៏ដោយ វិធានការនេះនោះ គ្រាន់តែជាជំហានតូចមួយប៉ុណ្ណោះ ប៉ុន្តែបញ្ហានេះវានឹងមិនបញ្ឈប់នូវសកម្មភាពរំលោភបំពាននិងគំរាមកំហែងទាំងស្រុងណាមួយនោះឡើយ។
លោកបន្តថា អ្វីដែលចាំបាច់នោះគឺការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលចំពោះការលុបចោលច្បាប់នានាដែលប្រើប្រាស់ដើម្បីបង្ក្រាបសកម្មភាពរបស់ក្រុមឯករាជ្យ។
អង្គការសិទ្ធិមនុស្សអន្តរជាតិមួយនេះ អះអាងថា រយៈពេល ១ឆ្នាំកន្លងមកនេះ រដ្ឋាភិបាលកម្ពុជាបានបង្កើនការបង្ក្រាបរបស់ខ្លួនទៅលើក្រុមអ្នកគាំទ្របក្សប្រឆាំង សកម្មជនដីធ្លី ក្រុមអ្នកការពារសិទ្ធិមនុស្ស និងក្រុមសហជីព ហើយពួកគេសុទ្ធតែប្រឈមមុខនឹងការតាមដាន ការគំរាមកំហែងការចាប់ខ្លួន កាត់ទោសទាំងបំពាន និងការឃុំខ្លួនលើសកាលកំណត់ជាដើម៕