33 C
Phnom Penh

មេ​ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ផ្នះ​ទាមទារ​ឲ្យ​របប​ លោក​ហ៊ុន សែន​បញ្ឈប់​ការ​រំលោភ​សិទ្ធិ​មនុស្ស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​កឹម សុខា​លើក​ឡើង​ថា ​ សង្គម​មួយ​ដែល​រំលោភ​សិទ្ធិ​មនុស្ស​នឹង​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្លួន​ឯង​បែក​បាក់​សាមគ្គី​ និង​ធ្វើឲ្យ​សង្គម​កាន់តែ​អន់​ថយ។​

ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​អំឡុង​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​១០​ធ្នូ ​លើក​ទី​៧០​សរសេរ​ថា ​បើ​មនុស្ស​គ្មាន​សិទ្ធិ​ជា​មូលដ្ឋាន ​សន្តិភាព​ ការ​អភិវឌ្ឍ​ និង​ការ​បង្រួប​បង្រួម​ជាតិ​ក៏​មិន​អាច​មាន​និរន្តរ​ភាព​នោះ​ដែរ។​

ទំព័រ​ហ្វេសប៊ុក​របស់​​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ផ្ទះ​រូប​នេះ​ អះអាង​ថា​  ដើម្បី​ឲ្យ​សង្គម​មាន​សាមគ្គី​ភាព ​សន្តិភាព ​និង​អភិវឌ្ឍន៍​ លុះ​ត្រាតែ​ខ្មែរ​គ្រប់​រូប​គួរ​តែ​បញ្ឈប់​ការ​ធ្វើ​ឲ្យ​ខ្មែរ​ដូច​គ្នា​ឈឺ​ចាប់​ត​ទៅ​ទៀត។​

សហគមន៍​អឺរ៉ុប ​និង​សហ​រដ្ឋ​អាមេរិក​បាន​ស្រែក​ទាមទារ​ម្តង​ហើយ​ ម្តង​ទៀត​ឲ្យ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​ដោះលែង​លោក​កឹម សុខា​ ឲ្យមាន​សេរីភាព​ឡើង​វិញ​បើមិន​ដូច្នោះ​ទេ ​នោះ​ពួក​គេ​នឹង​បង្កើន​ការ​ ដាក់​សម្ពាធ​បន្ថែម​ទៅលើ​របប​លោក​ហ៊ុន សែន។​

សហគមន៍​អឺរ៉ុប​តែង​គំរាម​ម្តង​ហើយ​ម្តង​ទៀត​ថា​ ខ្លួន​នឹង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​គ្រប់​ប្រភេទ​ ឬ​EBA​​ចេញ​ពី​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ ប្រសិន​បើ​របប​លោក​ហ៊ុន សែន​មិន​ព្រម​ស្តារ​ ស្ថាន​ការណ៍​នយោបាយ​ឲ្យ​វិល​មក​រក​ភាព​ប្រក្រតី​វិញ​ទេ​នោះ។​

ចំណែក​តំណាង​រាស្រ្ត​សហ​រដ្ឋ​អាមេរិក​លោក​Alan lowenthal​កាល​ពីពេល​ថ្មីៗ​នេះ​ អះអាង​ថា​ សហ​រដ្ឋ​អាមេរិក​នឹង​បន្ត​ការ​ដាក់​សម្ពាធ​បន្ថែម​ដល់​ រដ្ឋាភិបាល​កម្ពុជា​ ដូច​ជា​ការ​ដាក់​ទណ្ឌកម្ម​បិទ​ទិដ្ឋាការ​ និង​បង្កក​ទ្រព្យ​សម្បត្តិ​លើ​មន្រ្តី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល ​និង​សាច់​ញាតិ​របស់​ពួក​គេ​  ប្រសិន​បើ​របប​លោក​ហ៊ុន សែន​នៅតែ​រឹង​ទទឹង​មិន​ព្រម​ស្តារ​ប្រជា​ធិបតេយ្យ​របស់​ប្រទេស​ ឡើង​វិញ​ទេ​នោះ៕​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស