ក្នុងឱកាសទិវាប្រារព្ធសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ លើកទី៧០ លោកហ៊ុន សែន បានអំពាវនាវឲ្យពលរដ្ឋខ្មែរទូទៅត្រូវរក្សាសន្តិភាពឲ្យបានតរៀងទៅ ដើម្បីកុំឪ្យបាត់បង់ទាំងស្រុងដូចកាលពីរបបខ្មែរក្រហម។
ការអំពាវនាវរបស់អតីតកម្មាភិបាលខ្មែរក្រហមរូបនេះធ្វើឡើងនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១០ខែធ្នូ។
មេដឹកនាំដែលកាន់អំណាចជាង៣០ឆ្នាំ យូរជាងគេក្នុងតំបន់ អាស៊ីរូបនេះ អះអាងថា ពលរដ្ឋខ្មែរបានបាត់បង់សិទ្ធិសេរីភាពទាំងស្រុងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យដឹកនាំដោយក្រុមខ្មែរក្រហមនៅចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ហើយពេលនោះប្រជាជនកម្ពុជាមិនមានសិទ្ធិសេរីភាពអ្វីទាំងអស់ សូម្បីសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលទានអាហារ សិទ្ធិពិនិត្យព្យាបាលជំងឺ សិទ្ធិក្នុងជំនឿសាសនា សិទ្ធិទទួលបានការសិក្សាអប់រំ សិទ្ធិជ្រើសរើសតំណាងរាស្រ្ត និងសិទ្ធិបញ្ចេញមតិ សិទ្ធិរៀបអាពាហ៍ពិពាហ៍ និងសិទ្ធិប្រកបការងារនោះឡើយ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមសង្គមស៊ីវិលក្នុងស្រុកអះអាងថា សិទ្ធិរបស់ពលរដ្ឋខ្មែរបច្ចុប្បន្ននៅតែរងការរឹតត្បិតនៅឡើយ ជាពិសេសដូចជាសិទ្ធិក្នុងការបញ្ចេញមតិ សិទ្ធិក្នុងការជួបប្រជុំ សិទ្ធិក្នុងការទទួលបានព័ត៌មាន សិទ្ធិក្នុងការចូលរួមវិស័យនយោបាយ និងសិទ្ធិជាច្រើនទៀត។
ពួកគេនិយាយថា ជាក់ស្តែង ការប្រារព្ធទិវាសិទ្ធិមនុស្ស១០ឆ្នូលើកទី៧០ឆ្នាំនេះ នៅតែស្ថិតក្រោមការរឹតត្បិតដដែល ដោយសាររដ្ឋាភិបាលបានបញ្ជូន និងដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធជាច្រើននៅតាមទីតាំងនៃទីលានប្រជាធិបតេយ្យដែលនាំឲ្យក្រុមសង្គមស៊ីវិលនិងពលរដ្ឋមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ពួកគេ៕