រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោកថោង ខុនអះអាងថា កម្ពុជានិងថៃ បានសម្របសម្រួលការធ្វើដំណើររបស់ពលរដ្ឋទាំងសង្ខាងក្នុងការទៅ កម្សាន្តនៅខេត្តកោះកុង និងខេត្តត្រាត រយៈពេល៣ថ្ងៃនៃពិធីបុណ្យ សមុទ្ររបស់កម្ពុជានៅពេលខាងមុខ។
លោកបន្តថា ពលរដ្ឋខ្មែរអាចឆ្លងទៅលេងខេត្តត្រាតរបស់ថៃបាន ដោយគ្រាន់តែបង្ហាញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់សមត្ថកិច្ចថៃប៉ុណ្ណោះ ហើយប្រសិនបើពួកគេចង់បើករថយន្តផ្ទាល់ខ្លួនចូលគឺត្រូវមានបណ្ណសម្គាល់យានយន្ត និងបណ្ណបើកបរ។ លោកបន្តថា ចំពោះក្មេងតូចៗ ត្រូវយកទៅជាមួយនូវរូបថត ហើយមិនចាំបាច់មានលិខិតឆ្លងដែនក៏បាន។
ពិធីបុណ្យសមុទ្រលើកទី៧នៅខេត្តកោះកុងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ខែធ្នូ ក្រោមប្រធានបទឆ្នេរស្អាត ពលរដ្ឋរមណីយ។
កម្ពុជារំពឹងទុកថា ពិធីបុណ្យសមុទ្រឆ្នាំនេះ នឹងទទួលបានភ្ញៀវទេសចរប្រហែល យ៉ាងតិច៩ម៉ឺននាក់។
ខេត្តកោះកុងមានរមណីយដ្ឋានទេសចរណ៍មួយចំនួន ដូចជា រមណីយដ្ឋានវិស្សមកាលតារាសាគរ តំបន់អេកូទេសចរណ៍ឆាយអារ៉ែង តាតៃ ព្រៃកោងកាង ឆ្នេរខ្សាច់ប៉ាក់ខ្លង រមណីយដ្ឋានចេតិយឃុនឆាង និងតំបន់ជុំវិញក្រុងខេមរភូមិន្ទ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកឃ្លាំមើលធនធានធម្មជាតិអះអាងថា រមណីយដ្ឋានជាច្រើនក្នុងខេត្តកោះកុងកំពុងរងការកាប់បំផ្លាញព្រៃឈើធ្វើអាជីវកម្មយ៉ាងគគ្រឹកគគ្រេងស្ទើរគ្មានសល់ពីសំណាក់ក្រុមឧកញ៉ាមានអំណាចគ្រាគ់ៗ ដែលស្និទ្ធជាមួយបក្សកាន់អំណាច៕