27 C
Phnom Penh

កូន​ប្រុស​របស់​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ប្រទេស​ត្រូវ​បាន​តែងតាំង​ជា​អភិបាល​ខេត្ត​សៀមរាប​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះ​មហា​ក្សត្រ​នរោត្តម ​សីហមុនី ​បាន​ចេញ​ព្រះរាជ​ក្រឹត្យ​តែងតាំង​កូន​ប្រុស​ពៅ​របស់​លោក​​ទៀ បាញ់ ​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​ជា​អភិបាល​ខេត្តសៀម​រាប​ជំនួស​លោក​ឃឹម ប៊ុនសុង។​

ព្រះ​រាជក្រឹត្យ​របស់​ព្រះ​មហា​ក្សត្រ ​នរោត្តម​ សីហមុនី ​ចុះ​កាលពី​ថ្ងៃ​ទី​៦​ខែ​ធ្នូ​ បាន​តែងតាំង​លោក​ទៀ សីហា ​ជា​អភិបាល​ខេត្ត​សៀមរាប ​តាម​ការណែ​នាំ​របស់​លោក​នាយករដ្ឋ​មន្រ្តី​ហ៊ុន សែន។​

ចំណែក​លោក​ឃឹម ប៊ុនសុង ​អតីត​អភិបាល​ខេត្ត​សៀមរាប​លោក ផ្លាស់​ទៅ​បម្រើ​​ការ​នៅ​ក្រសួង​ការពារជាតិ។​ព្រះរាជ​ក្រឹត្យ​ចុះ​ថ្ងៃ​ទី​៦​ខែ​ធ្នូ ​បាន​តែងតាំង​លោក​ឃឹម ប៊ុនសុង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​ ហើយ​ដំឡើង​​ឋានន្តរ​ស័ក្តិ​លោក​ពី​ថ្នាក់​ឧត្តម​សេនីយ៍​ឯក​ឡើង​ទៅ​ជា​នាយ​ឧត្តម​សេនីយ៍​ នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​ផងដែរ។​

កាល​ពី​ថ្ងៃ​ទី​១៣​ខែ​វិច្ឆិកា​ឆ្នាំ​២០១៨​កន្លង​ទៅ​ ព្រះ​មហា​ក្សត្រ​ក៏​បាន​ត្រាស់​បង្គាប់​តែងតាំង​កូន​ប្រុស​លោក​ជាម យៀប​ ដែល​ជា​មន្រ្តី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ឲ្យ​ទទួល​តំណែង​ជា​អភិបាល​ខេត្ត​ត្បូង​ឃ្មុំ ​ជំនួស​លោក​លី ឡេង។​

អតីត​តំណាង​រាស្រ្ត​មណ្ឌល​ខេត្ត​សៀមរាប​លោក​អ៊ំ សំអាន​ បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា​ ការ​តែងតាំង​កូន​ប្រុស​របស់​លោក​ទៀ បាញ់​ ឲ្យធ្វើ​ជា​អភិបាល​ខេត្ត​សៀមរាប​ធ្វើ​ឡើង​ដោយ​មិន​មាន​តម្លាភាព​និង​ដោយ​គ្មាន​ការ​ប្រឡង​ប្រជែង​សមត្ថភាព​អ្វី​នោះ​ឡើយ។ ​លោក​បន្ត​ថា ​ការ​ដំឡើង​បុណ្យ​ស័ក្តិ​ក្នុង​របប​គ្រប់​គ្រង​របស់​លោក​ហ៊ុន សែន​ធ្វើ​ឡើង​ចំពោះ​តែ​កូន​អ្នក​ធំ​ប៉ុណ្ណោះ៕​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស