សហភាពសហជីពកម្ពុជាកាលពីថ្ងៃអង្គារបានអំពាវនាវឲ្យអាជ្ញាធរកម្ពុជា ទម្លាក់ចោលនូវការចោទប្រកាន់លើលោករ៉ាត រ័ត្នមុនី ដែលជាអ្នកបកប្រែក្នុងដំណើរការផលិតខ្សែភាពយន្ត«ម៉ែខ្ញុំលក់ខ្ញុំ»។
លោករ៉ុង ឈុន ដែលជាប្រធានសហភាពសហជីពកម្ពុជា កាលពីថ្ងៃទី១១ ខែធ្នូ បានអះអាងតាមរយៈសេចក្តីថ្លែងការណ៍របស់លោកជំរុញឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងលោករ៉ាត រ័ត្នមុនីមានសេរីភាព ដើម្បីឲ្យលោកអាចទៅជួបជុំក្រុមគ្រួសារឡើងវិញ។
អាជ្ញាធរថៃបានចាប់ខ្លួនលោករ៉ាត់ រ័ត្នមុនី ក្នុងប្រទេសថៃតាមសំណើរបស់រដ្ឋាភិបាលទីក្រុងភ្នំពេញពាក់ព័ន្ធនឹងការជួយដល់ការផលិតខែ្សភាពយន្តឯកសារដែលមានចំណងជើងថា«ម្តាយខ្ញុំលក់ខ្ញុំ» របស់បណ្តាញព័ត៌មាន Russia Today កាលពីខែតុលា។
វីដេអូឯកសារ«ម្តាយខ្ញុំ លក់ខ្ញុំ» នេះបានរៀបរាប់អំពីក្មេងស្រីខ្មែរម្នាក់ត្រូវបានម្តាយរបស់នាងលក់ព្រហ្មចារីយ៍ ដោយសារតែមានជីវភាពខ្វះខាត។ រដ្ឋាភិបាលកម្ពុជាអះអាងថា ខ្សែភាពយន្តនោះបានផ្សព្វផ្សាយភូតកុហក់អំពីកម្ពុជា និងមានចេតនាចង់បំផ្លាញដល់វប្បធម៌របស់កម្ពុជាថែមទៀត។
ទោះជាយ៉ាងណាក៏ដោយ លោករ៉ុង ឈុនសង្ឃឹមថា អាជ្ញាធរកម្ពុជា នឹងទម្លាក់ចោលការចោទប្រកាន់មកលើលោករ៉ាត់ រ័ត្នមុនី ដើម្បីកុំធ្វើឲ្យស្ថានភាពនៃការគោរពសិទ្ធិមនុស្ស និងសេរីភាពរបស់ពលរដ្ឋកាន់តែរងការរិះគន់ថា មានភាពអាក្រក់ទៅៗ និងដើម្បីបញ្ចៀសការថ្កោលទោសពីមជ្ឈដ្ឋានអន្តរជាតិ៕