ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ឬហៅកាត់ថា C-CAWDU លោកអាត់ ធន់ កាលពីថ្ងៃទី១១ខែធ្នូ បានសម្តែងការសោកស្តាយ និងខកចិត្តជាខ្លាំងចំពោះសាលក្រមរបស់តុលាការក្រុងភ្នំពេញដែលកាត់ទោសឲ្យលោកនិងមេដឹកនាំសហជីព៥រូបទៀតជាប់ពន្ធនាគារចំនួនពីរឆ្នាំ៦ខែ និងសងប្រាក់ជាង៣០លានរៀលទៅឲ្យមន្រ្តីនគរបាលពីររូប ដែលជាដើមបណ្តឹង។
តុលាការនៃរបបលោកហ៊ុន សែន កាលពីថ្ងៃទី១១ខែធ្នូ បានសម្រេចឲ្យមេដឹកនាំសហជីព៦រូប ជាប់ពន្ធនាគាររយៈពេលជាងពីរឆ្នាំ ប៉ុន្តែត្រូវបានព្យួរ ពោលគឺពួកគេមិនត្រូវអនុវត្តទោសក្នុងពន្ធនាគារឡើយ។
មេសហជីពទាំងនោះ រួមមាន លោកជា មុនី ្នអតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោកអាត់ ធន់ ប្រធានសហជីពC-CAWDU លោកប៉ាវ ស៊ីណា ប្រធានសហភាពចលនាកម្មករកម្ពុជាលោករ៉ុន ឈុន ប្រធានសហភាពសហជីពកម្ពុជាអ្នកស្រីយ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្មករកម្ពុជា និងអ្នកស្រីម៉ម ញឹម ប្រធានសហព័ន្ធសហជីពនៃឧស្សាហកម្មកាត់ដេរកម្ពុជា។
អ្នកទាំង៦ត្រូវបានចោទប្រកាន់ពីបទពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើហិង្សាដោយចេតនាកាលពីអំឡុងឆ្នាំ២០១៤ នៅមុខសួនកាណាឌីយ៉ា ស្ថិតលើផ្លូវវេងស្រេង។
លោកអាត់ ធន់បានប្រាប់កាសែត The Cambodia Daily តាមទូរស័ព្ទថា លោកតែងសង្ឃឹមថា តុលាការនឹងទម្លាក់ចោលការចោទប្រកាន់នេះ ប៉ុន្តែអ្វីៗខុសពីការគិតរបស់លោក។ លោកបន្តថា ការសម្រេចរបស់តុលាការក្រុងភ្នំពេញគឺជាការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌចំពោះទោសកំហុសដែលលោកមិនបានប្រព្រឹត្ត។ លោកបន្តថា សាលក្រមនេះនឹងធ្វើឲ្យលោកបាត់បង់សិទ្ធិក្នុងការធ្វើជាប្រធានសហជីព និងសិទ្ធិក្នុងការប្រកបរបរចិញ្ចឹមជីវិតដូចពលរដ្ឋធម្មតា។ លោកអាត់ ធន់អះអាងថា នៅថ្ងៃពុធនេះ លោកនឹងស្នើទៅមេធាវីរបស់លោកដើម្បីរៀបចំប្តឹងឧទ្ធរណ៍ចំពោះសាលក្រមរបស់តុលាការក្រុងភ្នំពេញ៕