35 C
Phnom Penh

រដ្ឋ​សភា​ឯកបក្ស​របស់​លោក​ហ៊ុន សែន​នឹង​អនុម័ត​វិសោធន​កម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដើម្បី​ផ្តល់​សិទ្ធិ​នយោបាយ​ឲ្យ​ក្រុម​មន្រ្តី​បក្ស​ប្រឆាំង​មួយ​ចំនួន​ឡើង​វិញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋ​សភា​នៃ​របប​លោក​ហ៊ុន​ សែន​នឹង​បើក​កិច្ច​ប្រជុំ​ពេញអង្គ​ដើម្បី​ពិភាក្សា​ និង​អនុម័ត​លើ​សេចក្តី​សំណើ​ធ្វើ​វិសោធន​កម្ម​ច្បាប់​ស្តីពី​ គណបក្ស​នយោបាយ​មាត្រា​៤៥​ថ្មី​ស្ទួន​នៅ​ថ្ងៃ​ទី​១៣​ខែ​ធ្នូ​ខាង​មុខ​ ក្នុង​បំណង​បើក​ផ្លូវ​ឲ្យ​ក្រុម​មន្រ្តី​របស់​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ធំ​អាច​មាន​សិទ្ធិ​ចូលរួម​សកម្ម​ភាព​នយោបាយ​ឡើង​វិញ។

ប្រធាន​រដ្ឋ​សភា​លោក​ហេង សំរិន ​កាលពី​ថ្ងៃ​ទី​១១​ខែ​ធ្នូ​ប្រកាស​កំណត់​យក​ថ្ងៃ​ប្រជុំ​ពេញ​អង្គ​របស់​រដ្ឋ​សភា​នៅ​​ថ្ងៃ​១៣​ខែ​ធ្នូ​ខាង​មុខ​នេះ​ ​បន្ទាប់​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា​បាន​បើក​កិច្ច​ប្រជុំ​ម្តង​រួច​មក​ហើយ​កាលពី​ថ្ងៃ​ទី​៥​ ខែ​ធ្នូ​ សប្តាហ៍​កន្លង​ទៅ។

មាត្រា​៤៥​ថ្មី​ស្ទួន ​ចែ​ងថា​ បុគ្គល​ទាំង​ឡាយ​ណា​ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ ហាម​ឃាត់​ការ​ធ្វើ​សកម្ម​ភាព​នយោបាយ ​មិន​អាច​បង្កើត​គណបក្ស​នយោបាយ​ ឬ​ចូលរួម​ក្នុង​គណបក្ស​នយោបាយ​ណា​មួយ​ ឬ​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​ ឬធ្វើ​សកម្ម​ភាព​ណា​មួយ​គាំទ្រ ​ឬ​ប្រឆាំង​ គណបក្ស​ណាមួយ​បាន​ឡើយ​ លុះត្រា​តែ​ផុត​រយៈពេល​ នៃ​ការ​ហាមឃាត់​ដែល​កំណត់​ដោយ​សាល​ដីការ​របស់​តុលាការ​កំពូល​ ឬ​ក្នុង​ករណី​ដែល​បុគ្គល​នោះ​ត្រូវ​បាន​ផ្តល់​នីតិសម្បទា​ឡើង​វិញ​ ដោយ​ព្រះ​មហា​ក្សត្រ ​តាម​សំណើ​របស់​នាយក​រដ្ឋមន្ត្រី​ តាម​សេចក្តី​ស្នើសុំ​របស់​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ។​

ទោះជាយ៉ាង​ណាក៏​ដោយ​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក​សមរង្ស៊ី​ ផ្ញើ​សារ​ទៅ​លោក​ ហ៊ុន​ សែន​ថា  ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ​១១៨​រូប​ មិន​ត្រូវ​ការ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​របប​លោក​ហ៊ុន សែន​ ទេ​ ដរាប​ណា​លោក​កឹម សុខា​មិន​ទាន់​ទទួល​បាន​សេរីភាព​ពេញ​លេញ៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស