ក្រុមសង្គមស៊ីវិលជាតិ និងអន្តរជាតិបានសម្តែងការសោកស្តាយ និងថ្កោលទោសជាខ្លាំងចំពោះរដ្ឋាភិបាលថៃដែលបានបញ្ជូនលោក រ៉ាត់ រ័ត្នមុនី អ្នកបកប្រែឲ្យខ្សែភាពយន្តឯកសារដែលមានចំណងជើងថា «ម្តាយខ្ញុំលក់ខ្ញុំ»ទៅឲ្យអាជ្ញាធរកម្ពុជាវិញនោះ។
ប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជា(CCTUF)លោករ៉ាត់ រត្នមុនីត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន កាលពីថ្ងៃទី៧ ធ្នូ ក្នុងទីក្រុងបាងកក ខណៈលោក និងក្រុមគ្រួសារកំពុងព្យាយាមរត់ភៀសខ្លួនទៅកាន់ប្រទេសហូឡង់(Netherland)។ សមត្ថកិច្ចថៃអះអាងថា ការចាប់ខ្លួននេះធ្វើឡើងទៅតាមសំណើរបស់សមត្ថកិច្ចកម្ពុជាពីបទថតខ្សែភាពយន្តឯកសារក្លែងក្លាយឲ្យបណ្តាញព័ត៌មានRussia Today កាលពីខែតុលាដែលធ្វើឲ្យប៉ះពាល់ដល់មុខមាត់របស់កម្ពុជា។
ប៉ុន្តែភរិយារបស់លោករ៉ាត់ រ័ត្នមុនីគឺអ្នកស្រីឡុង គឹមហ៊ាង ធ្លាប់អះអាងថា ប្តីរបស់អ្នកស្រីគ្រាន់តែជាអ្នកបកប្រែក្នុងដំណើរការផលិតខ្សែភាពយន្តឯកសារនេះប៉ុណ្ណោះ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិHuman Rights Watch កាលពីថ្ងៃទី១១ខែធ្នូក៏បានទាមទារឲ្យសមត្ថកិច្ចថៃកុំបញ្ជូនលោករ៉ាត់ រ័ត្នមុនី ដែលជាអ្នកបកប្រែឲ្យខ្សែភាពយន្ត«ម្តាយខ្ញុំលក់ខ្ញុំ» ទៅកាន់ប្រទេសកម្ពុជាវិញអីពីព្រោះអ្នកបកប្រែដ៏ស្លូតត្រង់រូបនេះ នឹងប្រឈមការធ្វើទុក្ខបុកម្នេញខាងផ្នែកនយោបាយ ការឃុំឃាំងដ៏ខុសឆ្គង និងការមើលងាយមើលថោកពីសមត្ថកិច្ចកម្ពុជា។
នាយកទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិHuman Rights Watchបានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា រដ្ឋាភិបាលថៃមិនត្រូវបញ្ជូនខ្លួន សកម្មជនមួយរូបដែលហ៊ានបកអាក្រាតកំហុសរបស់សមត្ថកិច្ច កម្ពុជាដែលមិនបានបញ្ឈប់អំពីជួញដូរផ្លូវភេទលើកុមារនោះឡើយ។
វីដេអូឯកសារ«ម្តាយខ្ញុំលក់ខ្ញុំ» នេះបានរៀបរាប់អំពីក្មេងស្រីខ្មែរម្នាក់ត្រូវបានម្តាយរបស់នាងលក់ព្រហ្មចារីយ៍ ដោយសារតែមានជីវភាពខ្វះខាតក្រោយពីរដ្ឋាភិបាលរឹបអូសយកផ្ទះសម្បែងរបស់ពួកគេទៅលក់ឲ្យក្រុមឈ្មួញ។ ខ្សែភាពយន្តដែលមានប្រវែង២៧នាទីមួយនេះបាន បង្ហោះតាមបណ្តាញសង្គមនានាហើយមានអ្នកចូលមើលដល់ទៅជាង១លាននាក់៕