ប្រធានសហភាពសហជីពកម្ពុជាលោករ៉ុង ឈុន កាលពីថ្ងៃទី១២ ខែធ្នូ អះអាងថា លោកនឹងស្នើឲ្យមេធាវីរបស់ប្តឹងឧទ្ធរណ៍ចំពោះការសម្រេច របស់តុលាការក្រុងភ្នំពេញដែលបានកាត់សេចក្តីឲ្យមេដឹកនាំសហជីពចំនួន៦នាក់រួមទាំងរូបលោកផងនោះ ជាប់ពន្ធនាគារ២ឆ្នាំ៦ខែ ប៉ុន្តែជាទោសព្យួរហើយត្រូវសងប្រាក់ជាង៣០លានរៀលទៅឲ្យក្រុមហ៊ុនរោងចក្រកាត់ដេរ និងមន្រ្តីនគរបាលពីររូបទៀត។
លោករ៉ុង ឈុន អះអាងថា សាលក្រមរបស់តុលាការក្រុងភ្នំពេញជាសាលក្រមអយុត្តិធម៌។
តុលាការក្រុងភ្នំពេញបានសម្រេចឲ្យមេដឹកនាំសហជីព៦ រូប
រួមមាន លោកជា មុនី លោកអាត់ ធន់ លោកប៉ាវ ស៊ីណា លោករ៉ុ ន ឈុន អ្នកស្រីយ៉ាង សោភ័ណ្ឌ និងអ្នកស្រីម៉ម ញឹម ឲ្យជាប់ពន្ធនាគារចំនួនជាងពីរឆ្នាំ ប៉ុន្តែទោសទាំងនោះត្រូវព្យួរពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើហិង្សាដោយចេតនាកាលពីអំឡុងឆ្នាំ២០១៤ នៅមុខសួនកាណាឌីយ៉ា ស្ថិតលើផ្លូវវេងស្រេង។
ប៉ុន្តែលោកហ៊ុន សែនបានអះអាងនៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ នៅខេត្តកំពង់ស្ពឺកាលពីថ្ងៃទី១២ខែធ្នូ ថា មេដឹកនាំសហជីពចំនួន៣រូប មានលោកអាត់ ធន់ លោកជា មុន្នី និងលោកប៉ាវ ស៊ីណាមិនបានដឹកនាំតវ៉ានៅផ្លូវវេងស្រេង ដូចការចោទប្រកាន់ របស់តុលាការក្រុងភ្នំពេញនោះឡើយ។
ទោះជាយ៉ាងណាក៏ដោយ លោករ៉ុង ឈុនអះអាងថា តុលាការគួរនាំខ្លួនអ្នកបាញ់សម្លាប់កម្មករ និងអ្នកបញ្ជាឲ្យមានព្រឹត្តិការណ៍បង្ហូរឈាមលើផ្លូវវ៉េងស្រេងកាលពីឆ្នាំ២០១៤នោះ មកផ្តន្ទាទោសចំពោះមុខច្បាប់នូវអំពើមនុស្សឃាតក្រៅប្រព័ន្ធច្បាប់ ជាជាងផ្តន្ទាទោសមេដឹកនាំសហជីពដែលការពារសិទ្ធិកម្មករនោះ។
នៅក្នុងព្រឹត្តិការណ៍បាតុកម្មទាមទារដំឡើងប្រាក់ខែគោលរបស់កម្មករលើផ្លូវវេងស្រេងជាយក្រុងភ្នំពេញ កាលពីដើមខែមករាឆ្នាំ២០១៤ ក្រុមសមត្ថកិច្ចចម្រុះដែលបំពាក់អាវុធទំនើបៗគ្រប់ដៃបានបើកការបាញ់រះទៅលើក្រុមបាតុករ បណ្តាលឲ្យមនុស្ស៤នាក់ស្លាប់នៅនឹងកន្លែង មនុស្សជាច្រើនបាត់ខ្លួន ហើយជាច្រើននាក់ទៀតរងរបួស ជាទម្ងន់៕