ប្រធានអនុគណៈកម្មាធិការកិច្ចការបរទេសរបស់សភាសហព័ន្ធសហរដ្ឋអាមេរិក លោក Ted Yoho និងជាតំណាងរាស្រ្តប្រចាំរដ្ឋFlorida ពីខាងគណបក្សសាធារណរដ្ឋអះអាងថា លោកនឹងស្នើសេចក្តីព្រាងច្បាប់ H.R.5754 ឲ្យព្រឹទ្ធសភាធ្វើការអនុម័តឡើងវិញនៅខែមករា ឆ្នាំ២០១៩ ប្រសិនបើព្រឹទ្ធសភា មិនអាចអនុម័តសេចក្តីព្រាងច្បាប់ដើម្បីដាក់ទណ្ឌកម្មលើមន្រ្តីជាន់ខ្ពស់របស់លោកហ៊ុន សែន ក្នុងខែធ្នូ ទេនោះ។
នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុសម្លេងសហរដ្ឋអាមេរិកកាលពីថ្ងៃទី១២ ខែធ្នូ លោកTed Yohoអះអាងថា លោកដឹងហើយថា ខាងព្រឹទ្ធសភាទើបតែវិលត្រឡប់មកធ្វើកិច្ចការរបស់ពួកគេវិញ ហើយ ប្រសិនបើក្រុមរបស់លោកមិនអាចទទួលបានការអនុម័តសេចក្តីព្រាងច្បាប់នៅក្នុងអាណត្តិសភានេះបានទេ នោះក្រុមរបស់លោកនឹងដាក់សំណើនេះឡើងវិញ នៅពេលដែលសភាថ្មីចូលធ្វើការនៅខែមករា ឆ្នាំ២០១៩ ខាងមុខ។
សហស្ថាបនិកនៃសេចក្តីព្រាងច្បាប់លេខH.R.5754 រូបនេះបន្តថា គោលបំណងរបស់សហរដ្ឋអាមេរិកគឺត្រូវចាប់លោកហ៊ុន សែន ឱ្យទទួលខុសត្រូវតាមកិច្ចព្រមព្រៀងដែលសហរដ្ឋអាមេរិកមាន។
រដ្ឋសភាអាមេរិកាំងកាលពីថ្ងៃទី២៥ខែកក្កដា បានអនុម័តសេចក្តីព្រាងច្បាប់លេខH.R.5754ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជាឆ្នាំ២០១៨ ដើម្បីដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងបិទទិដ្ឋាការក្រុមមេដឹកនាំនៃរបបក្រុងភ្នំពេញ ប្រសិនបើពួកគេនៅតែរឹងទទឹងមិនព្រមស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញទេនោះ។
ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃសភាតំណាងរាស្រ្តសហរដ្ឋ អាមេរិកលោកEd Royceដែលបានចូលរួមអនុម័តសេចក្តីព្រាងច្បាប់មួយនេះ ធ្លាប់ស្នើឲ្យប្រធានាធិបតីអាមេរិកដាក់ទណ្ឌកម្មលោកហ៊ុន សែន លោកស ខេង លោកហ៊ុន ម៉ាណែត អ្នកស្រី ហ៊ុន ម៉ាណា លោកសុខ ពុទ្ធិវុធ លោកប្រាក់ សុខុន លោកឱម យ៉ិនទៀង និងមនុស្សជំនិតៗរបស់លោកហ៊ុន សែនជាច្រើនទៀត ៕