ព័ត៌មានជាតិ

តំណាង​រាស្រ្ត​អាមេរិកាំងមួយ​រូប​នឹង​ប្រឹង​ប្រែង​ឲ្យ​សេចក្តី​ព្រាង​ច្បាប់​លេខH.R.5754​ ចូល​ជាធរមាន​

By ឌឹ ខេមបូឌា ដេលី

December 13, 2018

ប្រធាន​អនុ​គណៈ​កម្មាធិការ​កិច្ចការ​បរទេស​របស់​សភា​សហព័ន្ធ​សហ​រដ្ឋ​អាមេរិក ​លោក Ted Yoho ​និងជា​តំណាង​រាស្រ្ត​ប្រចាំ​រដ្ឋFlorida​ ពី​ខាង​គណបក្ស​សាធារណ​រដ្ឋ​អះអាង​ថា ​លោក​នឹង​ស្នើ​​សេចក្តី​ព្រាង​ច្បាប់​ H.R.​ ឲ្យ​ព្រឹទ្ធ​សភា​ធ្វើការ​អនុម័ត​ឡើង​វិញ​នៅ​ខែ​មករា​ ឆ្នាំ​២០១៩​ ប្រសិន​បើ​ព្រឹទ្ធ​សភា​ មិន​អាច​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​មន្រ្តី​ជាន់​ខ្ពស់​របស់​លោក​ហ៊ុន សែន​ ក្នុង​ខែ​ធ្នូ ​ទេ​នោះ។​

នៅក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​សម្លេង​សហ​រដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ទី​១២​ ខែ​ធ្នូ ​លោក​Ted Yoho​អះអាង​ថា ​លោក​ដឹង​ហើយ​ថា ​ខាង​ព្រឹទ្ធ​សភា​ទើប​តែ​វិល​ត្រឡប់​មក​ធ្វើ​កិច្ចការ​របស់​ពួក​គេ​វិញ ​ហើយ​ ប្រសិន​បើ​ក្រុម​របស់​លោក​មិន​អាច​ទទួល​បាន​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នៅ​ក្នុង​អាណត្តិ​សភា​នេះ​បាន​ទេ​ នោះ​ក្រុម​របស់​លោក​នឹង​ដាក់​សំណើ​នេះ​ឡើង​វិញ​ នៅ​ពេល​ដែល​សភា​ថ្មី​ចូល​ធ្វើការ​នៅ​ខែ​មករា​ ឆ្នាំ​២០១៩​ ខាង​មុខ។​

សហ​ស្ថាបនិក​នៃ​សេចក្តី​ព្រាង​ច្បាប់​លេខ​H.R.5754 ​រូប​នេះ​​បន្ត​ថា​ គោល​បំណង​របស់​សហ​រដ្ឋ​អាមេរិក​គឺ​ត្រូវ​ចាប់​លោក​ហ៊ុន សែន​ ឱ្យ​ទទួល​ខុស​ត្រូវ​តាម​កិច្ចព្រម​ព្រៀង​ដែល​សហ​រដ្ឋ​អាមេរិក​មាន។​

រដ្ឋ​សភា​អាមេរិកាំង​កាលពី​​ថ្ងៃទី​២៥​ខែ​កក្កដា​ បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​លេខ​H.R.5754​ស្តីពី​លទ្ធិ​ប្រជា​ធិបតេយ្យ​កម្ពុជា​ឆ្នាំ​២០១៨​ ដើម្បី​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យ​សម្បត្តិ​ និង​បិទ​ទិដ្ឋាការ​ក្រុម​មេ​ដឹកនាំ​នៃ​របប​ក្រុង​ភ្នំពេញ​ ប្រសិន​បើ​ពួក​គេនៅ​តែ​រឹង​ទទឹង​មិន​ព្រម​ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ​ឡើង​វិញ​ទេ​នោះ។​

ប្រធាន​គណៈ​កម្មាធិការ​កិច្ចការ​បរទេស​នៃ​សភា​តំណាង​រាស្រ្ត​សហ​រដ្ឋ​ អាមេរិក​លោក​Ed Royce​ដែល​បាន​ចូលរួម​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​មួយ​នេះ ​ធ្លាប់​ស្នើ​ឲ្យ​ប្រធានាធិបតី​អាមេរិក​ដាក់​ទណ្ឌកម្ម​លោក​ហ៊ុន សែន​ លោក​ស ខេង​ លោក​ហ៊ុន ម៉ាណែត ​អ្នកស្រី ​ហ៊ុន ម៉ាណា ​លោក​សុខ ពុទ្ធិវុធ ​លោក​ប្រាក់ សុខុន ​លោក​ឱម យ៉ិនទៀង​ និង​មនុស្ស​ជំនិតៗ​របស់​លោក​ហ៊ុន សែន​ជា​ច្រើន​ទៀត ៕​