ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញលោកសេងប្ញទ្ធីបានចេញដីកាបង្គាប់ឱ្យឃុំខ្លួនបុគ្គលឈ្មោះរ៉ាត់រ័ត្នមុនីប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជាដែលសមត្ថកិច្ចថៃទើបបញ្ជូនមកឲ្យអាជ្ញាធរកម្ពុជាវិញកាលពីថ្ងៃទី១២ខែធ្នូកន្លងទៅ។
លោកសេងប្ញទ្ធីបានសម្រេចបង្គាប់ឱ្យនាំខ្លួនលោករ៉ាត់រ័ត្នមុនីទៅឃុំខ្លួននៅពន្ធនាគារព្រៃសបណ្តោះអាសន្នដើម្បីរង់ចាំការជំនុំជម្រះទោសនៅពេលក្រោយ។
សមត្ថកិច្ចថៃបានចាប់ខ្លួនលោករ៉ាត់រ័ត្នមុនីក្នុងទីក្រុងបាងកកប្រទេសថៃខណៈលោកនិងភរិយារបស់លោកកំពុងសុំទិដ្ឋាការទៅប្រទេសហូឡង់។ការចាប់ខ្លួននេះធ្វើឡើងទៅតាមសំណើរបស់រដ្ឋាភិបាលកម្ពុជាពីបទពាក់ព័ន្ធនឹងការផលិតខ្សែវីដេអូឯកសារដែលមានចំណងជើងថា«ម្តាយខ្ញុំលក់ខ្ញុំ»របស់បណ្តាញព័ត៌មានRussia Todayរបស់រុស្ស៊ីឬហៅកាត់ថាRT។រដ្ឋាភិបាលកម្ពុជាចាត់ទុកថា ខ្សែភាពយន្តអំពីការជួញដូរផ្លូវភេទលើកុមារមួយនេះកំពុងធ្វើឲ្យអាប់ឱនដល់កិត្តិយសរបស់កម្ពុជា។
ប្រធានសហភាពសហជីពកម្ពុជាលោករ៉ុងឈុនកាលពីថ្ងៃទី១៣ខែធ្នូអំពាវនាវឲ្យអ្នកស្រីSharranBurrowអគ្គលេខាធិការនៃសហភាពសហជីពពាណិជ្ជកម្មក្នុងទីក្រុងហ្សឺណែវធ្វើអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជាដើម្បីឲ្យមានការដោះលែងលោករ៉ាត់រ័ត្នមុនីប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជា(CCTUF)និងជាសមាជិករបស់សហភាពសហជីពកម្ពុជា។
លោកបន្តថា រដ្ឋាភិបាលកម្ពុជាមិនគួរចាប់ខ្លួនប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជារូបនេះដោយគ្រាន់តែជាអ្នកបកប្រែនិងជាអ្នកជួយកាន់ជើងកាមេរ៉ាឲ្យបណ្តាញព័តមានRTដូច្នេះនោះឡើយ។លោកបន្តថា ការចាប់ខ្លួនលោករ៉ាត់រ័ត្នមុនីកាន់តែធ្វើឲ្យបាក់មុខមាត់កម្ពុជាក្នុងឆាកអន្តរជាតិថែមទៀត៕