សិស្សថ្នាក់ទី១០និងទី១១ជិត៣០នាក់នៅវិទ្យាល័យកោះធំស្ថិតក្នុងស្រុកកោះធំខេត្តកណ្តាលមានអាការៈទន់ដៃទន់ជើងថប់ដង្ហើមដួលសន្លប់ជាបន្តបន្ទាប់កាលពីថ្ងៃសុក្រម្សិលម៉ិញ។រហូតមកទល់ពេលនេះក្រុមអាជ្ញាធរខេត្តកំពុងធ្វើការស្រាវជ្រាវរកមូលហេតុពិត។
ក្រុមសមត្ថកិច្ចខេត្តកណ្តាលឲ្យដឹងថា សិស្សវិទ្យាល័យកោះធំចំនួន២៨នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះបន្ទាន់។
រហូតមកទល់ពេលនេះសមត្ថកិច្ចនៅមិនទាន់អាចធ្វើការសន្និដ្ឋានបឋមថា តើការដួលសន្លប់នោះបណ្តាលមកពីបរិយាកាសឬបណ្តាលមកពីការពុលអាហារនៅឡើយទេ។
ទោះជាយ៉ាងណាក៏ដោយ សិស្សសាលាមួយចំនួនអះអាងថា ការដួលសន្លប់នោះអាចមកពីបញ្ហាបាក់ទឹកចិត្តដោយសារឪពុកម្តាយរបស់ពួកគេបង្ខំឲ្យពួកគេឈប់រៀនដើម្បីទៅធ្វើការនៅប៉ោយប៉ែត។ក្រោយពេលសិស្សស្រីរូបនោះប្រាប់ព័ត៌មាននេះដល់គ្រូរបស់គេហើយស្រាប់តែនាងមានអាការៈទន់ដៃទន់ជើងដួលសន្លប់តែម្តងហើយក៏មានមិត្តរួមថ្នាក់ជាច្រើនទៀតស្រាប់តែដួលសន្លប់តាមគ្នាតែម្តង។
ករណីដួលសន្លប់នេះកន្លងមកមិនសូវកើតមានឡើងក្នុងចំណោមសិស្សសាលានោះទេភាគច្រើនគេឃើញកើតឡើងក្នុងចំណោមកម្មកររោងចក្រកាត់ដេរ។
ក្រុមសហជីពមួយចំនួនធ្លាប់រកឃើញថា បញ្ហាកម្មករដួលសន្លប់ដែលតែងកើតឡើងជាញឹងញាប់នៅតាមរោងចក្រនោះគឺដោយសារបញ្ហារោងចក្រមួយចំនួនមិនបានបំពាក់ប្រព័ន្ធខ្យល់ឬប្រព័ន្ធអុកស៊ីស៊ែនឲ្យបានត្រឹមត្រូវរោងចក្រខ្លះបានសាយភាយថ្នាំគីមីហើយកត្តាចម្បងបំផុតទៅទៀតនោះគឺកម្មករត្រូវធ្វើការច្រើនម៉ោងពេកដើម្បីបំពេញតម្រូវការផលិតកម្មដែលថៅកែចង់បាន៕