តុលាការកំពូលកាលពីព្រឹកថ្ងៃទី១៩ធ្នូ បានចេញសាលដីការក្សាសេចក្ដីសម្រេចសាលាឧទ្ធរណ៍ ឲ្យប្រធានស្ដីទីគណបក្សប្រឆាំងគឺលោកសម រង្ស៊ី ចាញ់ក្ដីលោកហ៊ុន សែននៅក្នុងសំណុំរឿងសូកប៉ាន់ឲ្យកញ្ញាធី សុវណ្ណថា តារាហ្វេសប៊ុកចំនួន១លានដុល្លារដើម្បីបំផ្លាញគណបក្សសង្គ្រោះជាតិ។
លោកគី តិចមេធាវីរបស់លោកហ៊ុន សែន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា តុលាការកំពូលបានតម្កល់សេចក្ដីសម្រេច របស់សាលាឧទ្ធរណ៍ទុកជាបានការតែម្តង។
កាលពីពាក់កណ្តាលខែមករាឆ្នាំ២០១៧ លោកសម រង្ស៊ីបានចោទថា លោកហ៊ុន សែនបានសូកប៉ាន់អ្នកប្រើប្រាស់បណ្ដាញហ្វេសប៊ុកម្នាក់ និងជាអតីតសកម្មជនគណបក្សប្រឆាំងគឺកញ្ញាធី សុវណ្ណថានូវទឹកប្រាក់ ចំនួន១លានដុល្លារ ដើម្បីបំផ្លាញប្រហារបក្សប្រឆាំង។ លោកហ៊ុន សែនទារសំណងជំងឺចិត្តពីលោកសម រង្ស៊ីចំនួន១លានដុល្លារ ហើយកញ្ញាធី សុវណ្ណថា ក៏បានប្តឹងទាមទារសំណងជំងឺចិត្តចំនួន៥០ម៉ឺនដុល្លារពីលោកសមរង្ស៊ីដែរ។
ចៅក្រមសាលាឧទ្ធរណ៍កាលពីថ្ងៃទី៦ ខែមីនា បានសម្រេចផ្ដន្ទាទោសលោកសម រង្ស៊ីផាកពិន័យេះាប្រាក់ចំនួន១០លានរៀល និងបង្គាប់ឱ្យ សងជំងឺចិត្តទៅដើមបណ្ដឹងគឺលោកហ៊ុន សែនចំនួន៤ពាន់លានរៀល។ ទោះជាយ៉ាងណាក៏ដោយលោកសមរង្ស៊ីធ្លាប់ទាត់ចោលការសម្រេចរបស់សាលាឧទ្ធរណ៍ ដោយលោកអះអាងថា តុលាការមួយនេះស្ថិតក្រោមការបញ្ជារបស់លោកហ៊ុន សែន៕