27 C
Phnom Penh

ប្រធាន​សហភាព​ប្តឹង​ឧទ្ធរណ៍​ជំទាស់​សេចក្ដី​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​សហភាព​ការងារ​កម្ពុជា​ និង​ជា​ប្រធាន​សហជីព​ស៊ីខៅឌូ ​លោក​អាត់ ធន់​ បាន​ប្តឹង​ជាផ្លូវការ​ទៅ​សាលា​ឧទ្ធរណ៍​ជំទាស់​ទៅនឹង​សេចក្ដី​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​ ដែល​បាន​កាត់​ទោស​លោក​ឲ្យ​ជាប់​ពន្ធនាគារ​​ជាង​២​ឆ្នាំ​ ប៉ុន្តែ​ ទោស​នោះត្រូវ​បាន​ព្យួរ​ពីបទ​ដឹកនាំ​បាតុកម្ម​នៅមុខ​សួន​ឧស្សហ​កម្ម​កាណាឌីយ៉ា ​ស្ថិតលើ​ផ្លូវ​វេង ស្រេង​កាលពី​ជាង​៤​ឆ្នាំ​មុន។​

កាលពី​ថ្ងៃទី​១១​ខែ​ធ្នូ ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ផ្តន្ទាទោស​មេ​ដឹកនាំ​សហជីព​៦​នាក់​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​២​ឆ្នាំ​៦​ខែ​ និង​សង​ជំងឺចិត្ត​ចំនួន​ជាង​៣៥​លាន​រៀល​ទៅ​ឲ្យ​ម្ចាស់​ក្រុម​ហ៊ុន​ និង​មន្រ្តី​សមត្ថកិច្ច​ពីរ​នាក់​ទៀត។​

មេ​ដឹកនាំ​សហជីព​ទាំង​៦​នោះ​រួមមាន​លោក​អាត់ ធន់ ​លោកស្រី​ ម៉ម ញឹម​ លោក​ប៉ាវ ស៊ីណា ​លោក​ជា មុនី ​លោក​រ៉ុង ឈុន ​និង​លោកស្រី​យ៉ាង សោភ័ណ្ឌ ។​ មួយ​ថ្ងៃក្រោយ​មក​លោក​ហ៊ុន សែន​អះអាង​ថា​ លោក​អាត់ ធន់ ​លោក​ប៉ាវ ស៊ីណា​ និង​លោក​ជា មុន្នី​មិន​បាន​ជាប់ពាក់​ព័ន្ធ​ក្នុង​បញ្ហា​នេះ​ទេ។​

ទោះជាយ៉ាង​ណាក៏​ដោយ​លោក​អាត់ ធន់​បាន​ប្រាប់ ​The Cambodia Daily ​ថា​ លោក​សង្ឃឹម​ថា​ សាលា​ឧទ្ធរណ៍​នឹង​ផ្តល់​យុត្តិធម៌​ដល់​រូប​លោក។​

ទោះជាយ៉ាង​ណាក៏​ដោយ​រហូត​មក​ទល់​ពេល​នេះ​គេ​នៅ​មិនទាន់​ឃើញ​ ក្រុម​មេ​ដឹកនាំ​សហជីព​ចំនួន​៥​នាក់​ទៀត​ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍​ជំទាស់​ នឹង​សេចក្តី​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​នេះ​នៅ​ឡើយ​ទេ​ ខណៈ​មេ​ដឹកនាំ​សហជីព​មួយ​ចំនួន​កំពុង​បំពេញ​បេសក​កម្ម​របស់​ខ្លួន​នៅ​ក្រៅ​ប្រទេស​ ហើយ​ខ្លះ​ទៀត​កំពុង​រស់​នៅ​ភៀស​ខ្លួន​ដូច​ជា​លោក​ជា មុន្នី​ អតីត​ប្រធាន​សហជីព​សេរីកម្មករ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ជាដើម​នោះ។​

នៅក្នុង​ព្រឹត្តិ​ការណ៍​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល​របស់​កម្មករ​លើផ្លូវ​វេងស្រេង​ជាយ​ក្រុង​ភ្នំពេញ ​កាលពី​ដើម​ខែ​មករា​ឆ្នាំ​២០១៤​ ក្រុម​សមត្ថ​កិច្ច​ចម្រុះ​ដែល​បំពាក់​អាវុធ​ទំនើបៗ​គ្រប់ដៃ​បាន​បើក​ការ​បាញ់​រះទៅ​លើ​ក្រុម​បាតុករ​ បណ្តាល​ឲ្យ​មនុស្ស​៤​នាក់​ស្លាប់​នៅនឹង​កន្លែង​ មនុស្ស​ជាច្រើន​បាត់ខ្លួន​ ហើយ​ជា​ច្រើន​នាក់​ទៀត​រង​របួស​ជា​ទម្ងន់។​

ប៉ុន្តែ​ប្រធាន​សហភាព​សហជីព​កម្ពុជា​ លោក​រ៉ុង ឈុន​អះអាង​ថា ​តុលាការ​គួរ​នាំខ្លួន​អ្នក​បាញ់​សម្លាប់​កម្មករ​ និង​អ្នក​បញ្ជា​ឲ្យមាន​ព្រឹត្តិ​ការណ៍​បង្ហូរ​ឈាម​លើ​ផ្លូវ​វ៉េងស្រេង​កាលពី​ឆ្នាំ​២០១៤​នោះ​មក​ផ្តន្ទា​ទោស​ចំពោះ​មុខច្បាប់​នូវ​អំពើ​មនុស្ស​ឃាត​ក្រៅ​ប្រព័ន្ធ​ច្បាប់​ ជា​ជាង​ផ្តន្ទាទោស​មេ​ដឹក​នាំ​សហជីព​ដែល​ការពារ​សិទ្ធិ​កម្មករ​នោះ៕​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស