27 C
Phnom Penh

លោក​ហ៊ុន សែន​បញ្ជា​ឲ្យ​លោក​អ៊ុក វូរ៉ា​ អគ្គ​នាយក​ស្ថានីយ៍​ទូរទស្សន៍​ CNC ​ចុះ​ចេញ​ពីតំណែង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ហ៊ុន សែន ​កាលពី​ពេល​ថ្មីៗ​នេះ ​បាន​បញ្ជា​ឲ្យ​លោក​អ៊ុក វូរ៉ា​ អគ្គ​នាយក​ស្ថានីយ៍​ទូរទស្សន៍ ​CNC ​របស់​លោក​ឧកញ៉ា​គិត ម៉េង​ចុះចេញ​ពី​តំណែង​ជា​អគ្គនាយក​របស់​ទូរទស្សន៍​មួយ​នេះ​ជា​បន្ទាន់​ដោយលោក​ចោទ​ថា​ លោក​អ៊ុក វូរ៉ា​ បាន​រំលោភ​សិទ្ធិ​បុគ្គលិក​នៅ​ទីនោះ​យ៉ាង​ធ្ងន់ធ្ងរ​ដែល​មិន​អាច​ទទួល​យក​បាន។​

សារ​សំឡេង​របស់​លោក​ហ៊ុន សែន​ប្រវែង​ជាង​៩​នាទី​ដែល​បែក​ធ្លាយ​តាម​បណ្តាញ​សង្គម ​បាន​សម្រេច​ថា​ លោក​អ៊ុក វូរ៉ា ​ត្រូវ​ជា​ក្មួយ ​របស់​អ្នកស្រី​ ម៉ែន សំអន​ ឧបនាយក​រដ្ឋមន្រ្តី​ និង​ជា​អគ្គនាយក​ស្ថានីយ៍​ទូរទស្សន៍​ CNC ​រូបនេះ​មិន​អាច​ធ្វើការ​នៅ​ទីនោះ​បាន​ទៀត​ទេ។​

លោក​ហ៊ុន សែន​គំរាម​ថា​ ប្រសិន​បើ​លោក​ឧកញ៉ា​គិត ម៉េង​ មិន​ដេញ​លោក​អ៊ុក វូរ៉ា​នេះ​ចោល​ទេ ​នោះមាន​ន័យ​ថា​ លោក​គិត ម៉េង​នឹង​ក្លាយ​ជា​សត្រូវ​របស់​លោក​​ហើយ​ការងារ​រកស៊ី​ធ្វើ​ជំនួញ​របស់​លោក​គិត ម៉េង​នឹង​ត្រូវ​បញ្ចប់។ ​​

លោក​ហ៊ុន សែន​ព្រមាន​ថា​ ការងារ​រកស៊ី​របស់​លោក​គិត ម៉េង​ គឺ​ស្ថិត​ក្នុង​កណ្តាប់​ដៃ​របស់​លោក។​

លោក​ហ៊ុន សែន​ព្រមាន​ថា​ ប្រសិន​បើ​លោក​អ៊ុក វូរ៉ា​បន្ត​ធ្វើការ​នៅ​ទីនោះ​ទៀត​នោះ​លោក​អ៊ុក វូរ៉ា​នឹង​ត្រូវ​អស់​អនាគត​ ក្រោយពី​លោក​ហ៊ុន សែន​ បាន​ដឹង​ថា​ អ្នក​គ្រប់គ្រង​ទូរទស្សន៍​CNC​ រូប​នេះ​មាន​គម្រោង​បណ្តេញ​បុគ្គលិក​ចំនួន​ ៣២​នាក់​មិន​ឲ្យ​ធ្វើការ​នៅ​ទីនោះ​ទៀត។​

លោក​ហ៊ុន សែន​សារភាព​ថា​បុគ្គលិក​របស់​ទូរទស្សន៍​ CNC​ និង​ CTN​ ភាគច្រើន​បាន​ទទួល​ការ​ឧបត្ថម្ភ​ថវិកា​ញឹកញាប់​ពី​លោក​និង​ភរិយា​របស់​លោក​ហើយ​ការងារ​របស់​លោក​ភាគ​ច្រើន​លោក​តែង​តែ​ពិគ្រោះ​ជាមួយ​លោក​ឧកញ៉ា គិត ម៉េង​ ដែល​ជា​ប្រធាន​ស្ថានីយ៍​ទូរទស្សន៍​ទាំង​នេះ។​

លោក​ហ៊ុន សែន​ព្រមាន​ថា ​ប្រសិន​បើ​លោក​អ៊ុក វូរ៉ា​មិនព្រម​ដើរ​ចេញ​ពី​ស្ថានីយ៍​ទូរទស្សន៍​ CNC​ទេ​ នោះ​មាន​មនុស្ស​ជាច្រើន​បះបោរ​នាំគ្នា​ធ្វើ​បាតុកម្ម​នៅទី​នោះជា​មិន​ខាន​ ហើយ​បើ​មិន​មាន​ទេ ​លោក​សុខចិត្ត​ថា្វយ​បង្គំ​តែម្តង។​

​The Cambodia Daily ​នៅ​មិនទាន់​អាច​សុំ​ប្រតិកម្ម​ពី​លោក​អ៊ុក វូរ៉ា​ បាន​នៅ​ឡើយ​​ទេ​ថា​ តើលោក​ហ៊ាន​នៅបន្ត​ធ្វើការ​នៅ​ស្ថានីយ៍​ទូរទស្សន៍​ CNC ​ទៀត​ឬ​យ៉ាងណា។​ ប្រភព​មួយ​ចំនួន​ឲ្យ​ដឹង​ថា​ លោក​អ៊ុក វូរ៉ា​ អាច​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​មួយ​រយៈ។​

ទោះជាយ៉ាង​ណាក៏​ដោយ​ ប្រភព​ដ៏គួរ​ឲ្យជឿ​ទុកចិត្ត​បាន​ឲ្យ​ដឹង​ថា​ បញ្ហា​នៅក្នុង​ស្ថានីយ៍​ទូរទស្សន៍ ​CNC​ ដែល​ឈាន​រហូត​ទៅ​ដល់​មាន​ការ​ខឹង​សម្បារ​ពី​លោក​ហ៊ុន សែន​ដូច្នេះ​ដោយ​សារ​លោក​អ៊ុក វូរ៉ា​ បាន​ឲ្យ​បុគ្គលិក​ស្រីម្នាក់​នៅទី​នោះ​ឈប់​ពី​ការងារ​ក្នុង​ពេល​ដែល​នាង​មាន​ផ្ទៃពោះ​ ហើយ​បុគ្គលិក​ស្រីរូប​នោះ​ត្រូវ​ជា​សាច់​ញាតិ​របស់​លោក​​ហ៊ុន សែន។ ​ប្រភព​ដដែល​ឲ្យដឹង​ថា​ សូម្បី​ពិធីករ​ក្នុង​ស្ថានីយ៍​CNC ​មួយ​ចំនួន​បាន​ហៅ​លោក​ហ៊ុន សែន​ និង​ភរិយា​របស់​លោក​យ៉ាង​ជិតដិត​រហូត​ដល់​ប្រើ​ពាក្យ​លោក​ប៉ា ​អ្នក​ម៉ាក់​ថែម​ទៀត​ផង៕​

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស