29.3 C
Phnom Penh

មន្រ្តីរដ្ឋាភិបាលកម្ពុជាប្រតិកម្មនឹងមន្រ្តីសិទ្ធិមនុស្សពាក់ព័ន្ធការរិះគន់កីឡាបាល់ទាត់ជប៉ុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្រ្តីរដ្ឋាភិបាលកម្ពុជាប្រតិកម្មនឹងមន្រ្តីសិទ្ធិមនុស្សអន្តរជាតិពាក់ព័ន្ធនឹងការរិះគន់កីឡាបាល់ទាត់ជប៉ុន មន្រ្តីជាន់ខ្ពស់ទីស្តីការគណៈរដ្ឋមន្រ្តីនៅថ្ងៃសុក្រទី២១ ខែធ្នូនេះ បានប្រតិកម្មយ៉ាងខ្លាំងចំពោះនាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch គឺលោកBrad Adamsដែលរិះគន់ថា កីឡាបាល់ទាត់ជំរើសជាតិជប៉ុន លោកKeisuke Honda ដែលកំពុងធ្វើការឲ្យឧក្រិដ្ឋជនសង្គ្រាមលោកឧត្តមសេនីយ៍សៅ សុខា។

ម ន្រ្តីជាន់ខ្ពស់ទីស្តីការគណៈរដ្ឋមន្រ្តីនេះនិយាយថានេះជាការប្រតិដ្ឋព័ត៌មានដើម្បីវាយប្រហារទាំងបំពានដល់កិច្ចខិតខំប្រឹងប្រែងរបស់លោកសៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលតែងព្យាយាមលើកកម្ពស់ដល់វិស័យកីឡាបាល់ទាត់របស់ប្រទេស។

សេចក្តីថ្លែងការណ៍ចំនួនពីរទំព័ររបស់លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ដែលផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃសុក្រនេះ អះអាងថា ការចោទប្រកាន់របស់មន្រ្តីជាន់ខ្ពស់នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សHuman Rights Watch នេះជាការបង្ហាញកាន់តែច្បាស់ថា អង្គការមួយនេះមានចរិតបែបប្រទូសរ៉ាយផ្នែកនយោបាយដ៏គួរឲ្យស្អប់ខ្ពើម និងដ៏អាម៉ាស់ដែលប្រជាជនកម្ពុជាមិនអាចទទួលយកបាននោះឡើយ។

ប្រតិកម្មរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលបានធ្វើឡើងបន្ទាប់ពី នាយក ប្រតិបត្តិ ទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch គឺលោកBrad Adamsបានរិះគន់តារាបាល់ទាត់ជំរើសជាតិរបស់ជប៉ុនលោកKeisuke Honda។

នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិHuman Rights WatchលោកBrad Adamsកាលពីដើមខែធ្នូ បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍របស់លោកថា លោកមានការភ្ញាក់ផ្អើលជាខ្លាំងដែលឃើញកីឡាបាល់ទាត់ជប៉ុន លោកKeisuke Honda និងលោកសៅ សុខា ដែលជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រកាសផ្តល់តំណែងដល់កីឡាកររូបនេះ ជាគ្រូជម្រើសជាតិបាល់ទាត់របស់កម្ពុជា។

លោក Brad Adams បានរិះគន់តារាបាល់ទាត់ជប៉ុនរូបនេះ ដែល ព្រម ធ្វើការស្ថិតក្រោមការគ្រប់គ្រងរបស់លោកសៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាដែលជាមនុស្សជំនិតរបស់នាយករដ្ឋមន្ត្រីហ៊ុន សែន។

លោក Brad Adamsអះអាងថា លោកឧត្តមសេនីយ៍សៅសុខា ជាមេបញ្ជាការរងនៃអគ្គបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលមានបាតដៃប្រឡាក់ឈាមក្នុងនាមជាអ្នករំលោភសិទិ្ធមនុស្សដ៏ល្បីល្បាញ និងជាឧក្រិដ្ឋជនសង្គ្រាម។

លោកបន្តថា តារាបាល់ទាត់ជប៉ុនលំដាប់ពិភពលោករូបនេះ ប្រហែលជាមិនបានដឹងអំពីប្រវត្តិរបស់លោកសៅសុខាកាលពីមុននោះទេ ហេតុដូច្នេះហើយបានជាលោកយល់ព្រមទទួលតំណែងជាគ្រូបង្វឹកដល់ក្រុមបាល់ទាត់ជម្រើសជាតិរបស់កម្ពុជានោះ។

លោកសៅ សុខាជាមនុស្សម្នាក់ស្ថិតក្នុងចំណោមមនុស្សចំនួន១២ រូបទៀតក្នុងជួររដ្ឋាភិបាលលោកហ៊ុន សែន ដែលអង្គការឃ្លាំមើលសិទ្ធិមនុស្សរកឃើញថា មានជាប់ព័ន្ធនឹងការរំលោភសិទ្ធិ មនុស្ស ធ្ងន់ធ្ងរ និង ជាឧក្រិដ្ឋជនសង្គ្រាម ដោយសារ កងកម្លាំងរបស់លោកសៅ សុខា ជាអ្នកទទួលខុសត្រូវក្នុងរឿងសម្លាប់មនុស្សក្រៅប្រព័ន្ធ តុលាការអំពើ ទារុណកម្ម ការចាប់ខ្លួនមនុស្ស និងឃុំខ្លួនមនុស្សតាមទំនើងចិត្ត ការបង្ក្រាបយ៉ាងហិង្សាមកលើក្រុមអ្នកតវ៉ា និងអំពើខុសច្បាប់រាប់មិនអស់ជាច្រើនទៀត។

ទោះជាយ៉ាងណាក៏ដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅថ្ងៃទី២១ ខែធ្នូនេះ បានចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់មួយ ដោយចាត់ទុកថា ការចោទប្រកាន់របស់លោកBrad Adamsទៅលើលោកសៅ សុខា គឺជាការចោទប្រកាន់គ្មានមូលដ្ឋាន និងមានចរិតនយោបាយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស