33 C
Phnom Penh

ក្រុមសហជីពអន្តរជាតិជំរុញឲ្យរដ្ឋាភិបាលលោកហ៊ុន សែន ទម្លាក់បទចោទមកលើមេដឹកនាំសហជីព៦រូប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមសហជីពអន្តរជាតិជំរុញឲ្យរដ្ឋាភិបាលលោកហ៊ុន សែន ទម្លាក់បទចោទមកលើមេដឹកនាំសហជីព៦រូប ក្រុមមេដឹកនាំសហជីពអន្តរជាតិបានស្នើឲ្យរដ្ឋាភិបាលកម្ពុជាទម្លាក់បទចោទប្រកាន់ទាំងស្រុងមកលើមេដឹកនាំសហជីពកម្មករនៅកម្ពុជាចំនួន៦នាក់ដែលតុលាការក្រុងភ្នំពេញកាលពីថ្ងៃទី១១ខែធ្នូ បានកាត់ទោសឲ្យជាប់ពន្ធនាគារចំនួនពីរឆ្នាំ៦ខែ ពីបទដឹកនាំបាតុកម្មហិង្សានៅលើផ្លូវវេងស្រេងកាលពីដើមឆ្នាំ២០១៤។

ប្រធានសហភាពសហជីពពាណិជ្ជកម្មអន្តរជាតិ លោកAyuba Wabbaនិងលោកស្រីអគ្គលេខាធិការ Sharran Burrowនៅថ្ងៃសុក្រនេះបានផ្ញើលិខិតមួយច្បាប់ទៅកាន់លោកហ៊ុន សែន ថា ការកាត់ទោសមេសហជីពទាំង៦រូបនេះ ជាទម្រង់នៃការធ្វើទុក្ខបុកម្នេញដល់ក្រុមមេដឹកនាំសហជីពកម្មករ និងប៉ះទង្គិចធ្ងន់ធ្ងរដល់វិស័យពាណិជ្ចកម្ម កម្មករ និងសេដ្ឋកិច្ចរបស់ប្រទេស។

កាលពីថ្ងៃទី១១ខែធ្នូ តុលាការក្រុងភ្នំពេញបានសម្រេចឲ្យមេដឹកនាំសហជីព៦រូប រួមមាន លោកជា មុនី លោកអាត់ ធន់ លោកប៉ាវ ស៊ីណា លោករ៉ុង ឈុន អ្នកស្រីយ៉ាង សោភ័ណ្ឌ និងអ្នកស្រីម៉ម ញឹម ឲ្យជាប់ពន្ធនាគារចំនួនពីរឆ្នាំ៦ខែ និងពិន័យជាប្រាក់ចំនួន៣៥លានរៀល ឬស្មើនឹងជាង៨ពាន់៦រយដុល្លារអាមេរិក ប៉ុន្តែទោសទាំងនោះត្រូវបានព្យួរពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើហិង្សាដោយចេតនាកាលពីអំឡុងឆ្នាំ២០១៤ នៅមុខសួនកាណាឌីយ៉ា ស្ថិតលើផ្លូវវេងស្រេង។

ប្រធានសហភាពសហជីពកម្ពុជា លោករ៉ុង ឈុនបានប្រាប់ The Cambodia Dailyថា សហព័ន្ធសហជីពអន្តរជាតិ ឬហៅកាត់ថា ITUC នេះជាស្ថាប័នអន្តរជាតិមួយដែលមានឥទ្ធិពលបំផុតក្នុងឆាកអន្តរជាតិ ហើយប្រសិនបើស្ថាប័ននេះមានប្រតិកម្មហើយគឺសហជីពដែលជាសមាជិករបស់សហជីពអន្តរជាតិមួយនេះនៅទូទាំងពិភពលោកនឹងចាប់ផ្តើមនាំគ្នាដាក់សម្ពាធខ្លាំងដល់រដ្ឋាភិបាលកម្ពុជាតែម្តង។

លោករ៉ុង ឈុន ព្រមានថា ប្រសិនបើក្រុមសហជីពអន្តរជាតិទាំងនេះនាំគ្នាធ្វើយុទ្ធនាការលែងឲ្យមានការបញ្ជាទិញផលិតផលពីកម្ពុជា នោះវានឹងនាំឲ្យប៉ះទង្គិចធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់កម្ពុជាច្រើនជាងការដកប្រព័ន្ធអនុគ្រោះពន្ធEBA ទៅទៀត៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស