31 C
Phnom Penh

សហជីពនៅកម្ពុជាជំរុញឲ្យអង្គការពលកម្មអន្តរជាតិអន្តរាគមន៍ឲ្យមានការដោះលែងលោករ៉ាត់ រត្នមុនី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សហជីពនៅកម្ពុជាជំរុញឲ្យអង្គការពលកម្មអន្តរជាតិអន្តរាគមន៍ឲ្យមានការដោះលែងលោករ៉ាត់ រត្នមុនី សហភាពសហជីពកម្ពុជាស្នើឲ្យការិយាល័យពលកម្មអន្តរជាតិអន្តរាគមន៍ទៅកាន់រដ្ឋាភិបាលលោកហ៊ុន សែនឲ្យមានការដោះលែងលោករ៉ាត់ រត្នមុនី អ្នកបកប្រែខ្សែភាពយន្តឯកសារ«ម្តាយខ្ញុំលក់ខ្ញុំ» ឲ្យមានសេរីភាពត្រឡប់ទៅជួបជុំក្រុមគ្រួសារឡើងវិញ។

ប្រធានសហភាពសហជីពកម្ពុជាលោករ៉ុង ឈុន កាលពីថ្ងៃទី២០ ខែធ្នូ បានសរសេរលិខិតទៅកាន់លោកGuy Ryder អគ្គនាយកអង្គការពលកម្មអន្តរជាតិដែលមានមូលដ្ឋានក្នុងប្រទេសស្វីស ជំរុញទៅអាជ្ញាធរកម្ពុជាទម្លាក់ចោលការចោទប្រកាន់ទាំងឡាយមកលើលោករ៉ាត់ រត្នមុនី ប្រធានសហភាពសហជីពកម្មករសំណង់កម្ពុជា ដែលកំពុងជាប់ឃុំឃាំងក្នុងពន្ធនាគារព្រៃសក្នុងទីក្រុងភ្នំពេញ។

ប្រធានសហព័ន្ធសហជីពកម្មករសំណង់កម្ពុជា(CCTUF)លោករ៉ាត់ រត្នមុនីត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន កាលពីថ្ងៃទី៧ ធ្នូ ក្នុងទីក្រុងបាងកក ខណៈលោកនិងក្រុមគ្រួសារកំពុងព្យាយាមរត់ភៀសខ្លួនទៅកាន់ប្រទេសហូឡង់(Netherland)។

សមត្ថកិច្ចថៃអះអាងថា ការចាប់ខ្លួននេះធ្វើឡើងទៅតាមសំណើរបស់សមត្ថកិច្ចកម្ពុជាពីបទថតខ្សែភាពយន្តឯកសារក្លែងក្លាយឲ្យបណ្តាញព័ត៌មានRussia Today កាលពីខែតុលាដែលធ្វើឲ្យប៉ះពាល់ដល់មុខមាត់របស់កម្ពុជា។

ភាពយន្តឯកសារដែលមានចំណងជើងថា «ម្តាយខ្ញុំលក់ខ្ញុំ» គឺជារឿងមួយដែលនិយាយអំពីខ្សែជីវិតរបស់ក្មេងស្រីបីនាក់ ដែលត្រូវបានគ្រួសារបង្ខំឱ្យរកស៊ីផ្លូវភេទ និងការរកស៊ីផ្លូវភេទដោយបង្ខំចិត្ត ពីព្រោះជីវភាពគ្រួសារជួបការលំបាកខ្លាំង។

ប៉ុន្តែសមត្ថកិច្ចកម្ពុជាអះអាងថា ការផលិតវីដេអូនេះធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសកម្ពុជា ពិសេសប៉ះពាល់ដល់កិត្តិយសស្ត្រីខ្មែរ ដែលជាទង្វើមិនអាចអត់អោនឱ្យបាន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស