ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាបង្ហាញក្តីបារម្ភថា ចំនួនប្រជាជនចិនកើនឡើងច្រើនក្នុងរយៈពេលខ្លី អាចនឹងនាំឲ្យមានវិបត្តិនៅក្នុងសង្គមពេលអនាគត។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោករ៉ុង ឈុនអះអាងថា លំហូរជនជាតិចិនមកកាន់ប្រទេសកម្ពុជា កំពុងធ្វើឲ្យខេត្តក្រុងរបស់ខ្មែរមួយចំនួនគ្មានសណ្តាប់ធ្នាប់ និងកំពុងបង្កអសន្តិសុខជាច្រើន។ លោកបន្តថា វត្តមានរបស់ជនជាតិចិនដ៏ច្រើនសន្ធឹកសន្ធាប់មកកាន់ប្រទេសកម្ពុជានេះនឹងធ្វើឲ្យប៉ះទង្គិចធ្ងន់ធ្ងរដល់ការប្រកបមុខរបរជួញដូររបស់ពលរដ្ឋខ្មែរ។
សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាចេញផ្សាយនៅថ្ងៃពុធនេះអះអាងថា ស្របពេលកំណើនជនជាតិចិនកើនឡើងច្រើន ហើយច្បាប់កម្ពុជាធូររលុងនោះ នឹងនាំឲ្យមានវិបត្តិសង្គមធ្ងន់ធ្ងរនៅពេលខាងមុខចៀសមិនរួច។ សេចក្តីថ្លែងការណ៍ដដែលបន្តថា នៅពេលខាងមុខពលរដ្ឋខ្មែរនឹងក្លាយជាជនភាគតិចលើទឹកដីរបស់ខ្លួនមិនខាន។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោករ៉ុង ឈុន បានជំរុញឲ្យរដ្ឋាភិបាលលោកហ៊ុន សែន ត្រូវតែមានវិធានការដោះស្រាយវិបត្តិសង្គមមួយនេះឲ្យបានលឿនជាទីបំផុតដើម្បីកុំឲ្យបញ្ហានេះរីករាលដាលទៅថ្ងៃមុខកាន់តែធំទៅៗពិបាកដោះស្រាយ។
របាយការណ៍របស់ក្រសួងមហាផ្ទៃដែលបានចេញផ្សាយកាលពីខែកញ្ញាឆ្នាំ២០១៨បង្ហាញថា ជនជាតិចិននៅកម្ពុជាមានជំនួន ២១ម៉ឺននាក់។
រដ្ឋាភិបាលកម្ពុជាធ្លាប់អះអាងថា ជនជាតិចិននឹងមកដល់ប្រទេសកម្ពុជាជាងបីលាននាក់ទៀតនៅឆ្នាំ២០២០ខាងមុខ។ លោកហ៊ុន សែនធ្លាប់អះអាងថា ចំនួនជនជាតិចិននៅកម្ពុជាមិនមានអ្វីដែលត្រូវមានការព្រួយបារម្ភនោះទេ ពីព្រោះពួកគេមកធ្វើការប៉ុណ្ណោះ ហើយថា ពេលចប់ការងារ ពួកគេនឹងវិលត្រឡប់ទៅប្រទេសកំណើតវិញ។
កាលពីដើមខែធ្នូនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃបានបណ្តេញចេញជនជាតិចិនចំនួន២៣២នាក់ ក្នុងនោះស្រី៣៨នាក់ ចេញពីកម្ពុជាទៅកាន់ប្រទេសចិនវិញ ពាក់ព័ន្ធករណីឆបោកគំរាមកំហែង និងជំរិតទារប្រាក់តាមប្រព័ន្ធទូរគមនាគមន៍វ៉យ(VOIP)ក្រោយពេលពួកគេត្រូវបានចាប់ខ្លួនក្នុង ស្រុកត្រាំកក់ និងស្រុកបាទី ខេត្តតាកែវ។
របាយការណ៍នាយកដ្ឋានអន្តោប្រវេសន៍ឲ្យដឹងថា ចាប់តាំងពីឆ្នាំ ២០១៤មកសមត្ថកិច្ចបានឃាត់ខ្លួន និងបណ្ដេញជនបរទេសទៅប្រទេសកំណើតវិញសរុបចំនួនជិត១ម៉ឺន៥ពាន់នាក់ក្នុងនោះមានស្រីជាង២ពាន់៥រយនាក់ ហើយពួកគេភាគច្រើនជាជនជាតិចិន៕