ព័ត៌មានជាតិ

ក្រុម​តារា​រិះគន់​ក្រសួង​វប្បធម៌​ដែល​មិន​ចាត់ការ​​អំពើ​ហិង្សា​លើ​តារាស្រី​​នៅភោជនីយដ្ឋាន​សមុទ្រ​

By ឌឹ ខេមបូឌា ដេលី

December 27, 2018

តារា​ពហុជំនាញ​ម្នាក់​បាន​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ការ​អះអាង​របស់​ លោក​ថៃ នរៈសត្យា ​រដ្ឋ​លេខាធិការ​ក្រសួង​វប្បធម៌​ដែល​ចាត់​ទុក​ ករណី​គប់​កំប៉ុង​ស្រាបៀរ​ទៅ​តារា​សម្តែង​កញ្ញា​ទេព បូព្រឹក្ស ​កាលពី​យប់​ថ្ងៃ​ទី​២៥​ខែ​ធ្នូ​ ​ថា ​រឿង​តូចតាច។​

លោក​ថៃ នរៈសត្យា​បាន​ប្រាប់​កាសែត​The Cambodia Daily​យ៉ាង​ខ្លី​ថា​ ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​មិន​បាន​គាំទ្រ​ចំពោះ​ទង្វើ​គប់​ស្រាបៀរ​មក​លើ​កញ្ញា ​ទេព បូព្រឹក្ស​នោះ​ទេ។​ ប៉ុន្តែ​សាត​ព័ត៌មាន​OBN Asia​នៅថ្ងៃ​ពុធ​នេះ​បាន​ដក​ស្រង់​សម្តី​លោក​ថៃ នរៈសត្យា​ចុះផ្សាយ​ថា​ ការ​គប់​កំប៉ុង​ស្រា​បៀរ​លើ​កញ្ញា​​ទេព បូព្រឹក្ស​ ជារឿង​តូច​មួយ​ តែ​គេ​នាំ​គ្នា​បំប៉ោង​ឲ្យ​ទៅ​ធំ។​

ទោះជាយ៉ាង​ណា​ក៏​ដោយ​ លោក​ឌួង តារា​ផាឌិន​ ដែល​ជា​តារា​សម្តែង​ពហុ​ជំនាញ​មួយ​រូប​បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា​ ការ​គប់​កំប៉ុង​ស្រាបៀរ​មក​លើ​កញ្ញា​ទេព បូព្រឹក្ស​ គឺជា​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ដែល​សមត្ថ​កិច្ច​ត្រូវ​តែ​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ជា​ធរមាន​ ទៅលើ​កូន​ម្ចាស់​ហាង​សមុទ្រ ​ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​​មួយ​ ខ័ណ្ឌ​ទួលគោក​ ក្បែរ​សាលា​តិចណូ​​ ហើយ​ក្រសួង​វប្បធម៌​ត្រូវ​សហការ​លើ​បញ្ហា​នេះ។​

កាល​ពី​យប់​ថ្ងៃ​ទី​២៥​ខែ​ធ្នូ ​តារា​សម្តែង​កញ្ញា​ទេព បូព្រឹក្ស​ ត្រូវ​បាន​កូន​ម្ចាស់​ហាង​សមុទ្រ​ បាន​យក​កំប៉ុង​ស្រាបៀរ​គប់​ដោយ​សារ​ខឹង​នឹង​កញ្ញា​រូប​នេះ​មក​ធ្វើការ​មិន​ទាន់​ម៉ោង។ ​ទោះជាយ៉ាង​ណាក៏​ដោយ​កញ្ញា​ទេព បូព្រឹក្ស​ បាន​និយាយ​ទាំង​ទ្រហូរ​យំ​ក្នុង​ឧបទ្វវហេតុ​នោះ​ថា​ នាង​មិន​មាន​កំហុស​រហូត​ទៅ​ដល់​ការ​ប្រើ​អំពើ​ហិង្សា​មកលើ​រូប​នោះ​ទេ ​ហើយ​ថា ​នាង​ក៏​មិន​បាន​មក​ធ្វើ​យឺតម៉ោង​នោះ​ដែរ។​

ក្រោយ​ហេតុ​ការ​នេះ​ភ្លាម​ ក្រុម​តារា​សម្តែង​ជាច្រើន​រួម​មាន​លោក​ម៉ៃ សុគន្ធ  កញ្ញា ​ឌី សុនីតា ​កញ្ញា​ចាន់ ស្រីមុំ ​កញ្ញា​វ៉ាន់ នីឡា​លោក​អាចារ្យ​ធំ​ កញ្ញា​សុ័ក្រ កុសុម៉ា​ និង​តារា​សម្តែង​ជាច្រើន​ទៀត​បាន​ចេញមុខ​ប្តេជ្ញា​ជួយ​រក​យុត្តិធម៌​ឲ្យ​កញ្ញា ​ទេព បូព្រឹក្ស​ឲ្យ​បាន។ ​ពួកគេ​ចាត់​ទុក​ទង្វើ​របស់​កូន​ម្ចាស់​ភោជនីយដ្ឋាន​សមុទ្រ ​ជា​ទង្វើ​​អ​សីលធម៌ ​និង​ជា​ការ​ប្រើ​អំពើ​ហិង្សា​ធ្ងន់ធ្ងរ។​

លោក​ថៃ នរៈសត្យា ​រដ្ឋ​លេខាធិការ​នៃ​ក្រសួង​វប្បធម៌​បាន​ប្រាប់​កាសែតThe Cambodia Daily​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម​ តេឡេក្រាម​នៅ​មុន​ការ​ផ្សាយ​នេះ​បន្តិច​ថា​ អ្នក​ប្រព្រឹត្ត​ត្រូវ​ប្រឈម​មុខ​នឹង​ច្បាប់​រដ្ឋ​តាម​យុត្តាធិការ​នៃ​ស្ថាប័ន​ច្បាប់​ក្នុង​ករណី​ដែល​មាន​កា​រប្តឹង​ផ្តល់៕​