លោកហ៊ុន សែន កាលពីព្រឹកថ្ងៃពុធនេះ ក៏បានព្រមានវាយខ្នោះ លោកសម រង្ស៊ី ប្រសិនបើប្រធានស្តីទីរបស់គណបក្សប្រឆាំងរូបនេះហ៊ានចូលស្រុកវិញ ដូចការអះអាងមែននោះ។
ទោះជាយ៉ាងណាក៏ដោយ លោកហ៊ុន សែនបានថ្លែងដោយមិនបញ្ចេញឈ្មោះ ប៉ុន្តែទំនងជាសំដៅទៅលោកសម រង្ស៊ីថា គេបានប្រកាសថា គេនឹងចូលមកកម្ពុជាវិញឆាប់ៗ ហើយលោកក៏ត្រៀមខ្នោះរួចរាល់ហើយសម្រាប់ទទួលដើម្បីទូទាត់បញ្ជីចាស់។ លោកអះអាងថា ព្រលានយន្តហោះមាន៣សម្រាប់ចុះចត ១ទីក្រុងភ្នំពេញ ទី២សៀមរាប ទីក្រុងព្រះសីហនុ អាចចុះចតបានទៅតាមបំណងរបស់អ្នកជិះ តែខ្នោះក៏វាទៅតាមទីកន្លែងនោះដែរ ហើយបើដាក់ខ្នោះ ដាក់តាមស្ទីលអាមេរិកាំងទៀតផង។
លើសពីនេះទៅទៀត លោកហ៊ុន សែនក៏បានញុះញង់ឱ្យលោកសម រង្ស៊ី និងលោកកឹម សុខាបែកគ្នាដែរ។ លោកអះអាងថា ប្រសិនបើ លោកកឹម សុខានៅតែបន្តរក្សាមិត្តភាពដៃគូរបស់ខ្លួនគឺ លោកសម រង្ស៊ីនឹងបាត់ឱកាសធ្វើនយោបាយមិនខាន។
ជាងនេះទៅទៀត លោកហ៊ុន សែនក៏បានណែនាំឱ្យលោកកឹម សុខា ដាក់លិខិតសុំអន្តរាគមន៍ និងសុំទោសដល់រូបលោកដើម្បីបានបន្តជីវិតនយោបាយរបស់ខ្លួនឡើងវិញ។
នយោបាយរបស់លោកហ៊ុន សែនត្រូវបានគេមើលឃើញថា បានបរាជ័យក្នុងការបំបែកបំបាក់ចំណងមិត្តភាពរវាងលោកសម រង្ស៊ី និង លោកកឹម សុខា ដែលរហូតដល់មានការរំលាយគណបក្សសង្រ្គោះជាតិចោលកាលពីខែវិច្ឆិកា២០១៧ ដើម្បីក្តោបក្តាប់អំណាចរបស់ខ្លួននៅក្នុងអាណត្តិទី៦នេះ។
កាលពីថ្ងៃទី២៣ខែធ្នូ លោកសម រង្ស៊ី បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោកពីប្រទេសបារាំងមកថា ក្នុងឱកាសបុណ្យChristmas និងបុណ្យឆ្លងឆ្នាំសាកល២០១៨ ផ្លាស់ចូលឆ្នាំថ្មី២០១៩ ខាងមុខនេះថា លោកមានក្តីសង្ឃឹមយ៉ាងមុតមាំថា គណបក្សសង្គ្រោះជាតិនឹងអាចដំណើរការជាប្រក្រតីដូចដើមវិញ ហើយលោកប្រធាន កឹម សុខានិងមានសេរីភាពពេញលេញវិលមកដឹកនាំគណបក្សសង្គ្រោះជាតិដើម្បីឈានទៅរកភាពជោគជ័យ និងការផ្លាស់ប្តូរជាវិជ្ជមានតាមយន្តការប្រជាធិបតេយ្យ។លោកសម រង្ស៊ី ប្រាកដក្នុងចិត្តថា លោកកឹម សុខា និងរូបលោកផ្ទាល់ ជាដៃគូនយោបាយស្មោះត្រង់សម្រាប់ជាតិខ្មែរ និងជាមនុស្សតែមួយ សម្លុតមិនខ្លាច បំបែកមិនបាន៕