38 C
Phnom Penh

លោក​ហ៊ុន សែន​មិន​ពេញ​ចិត្ត​ចំពោះ​ការ​រិះគន់​ករណី​ទូរទស្សន៍ ​CNC​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​សម្តែង​ការ​មិន​ពេញ​ចិត្ត ​និង​រិះគន់​ ចំពោះ​ក្រុម​អ្នក​វិភាគ​មួយ​ចំនួន​ដែល​ងឿង​ឆ្ងល់​ពី​ប្រភព​ថវិកា​ របស់​លោក​ដែល​យក​ទៅ​ជួយ​ឧបត្ថម្ភ​បុគ្គលិក​ទូរទស្សន៍​CNC​និង​បុគ្គលិក​ទូរ​ទស្សន៍​បាយ័ន។​

លោក​ហ៊ុន សែន​បញ្ជាក់​ថា​ លុយ​ដែល​លោក​ផ្តល់​ឱ្យ​បុគ្គលិក​ទូរទស្សន៍​CNC​និង​ទូរទស្សន៍​បាយ័ន​គឺ​ជា​លុយ​របស់​លោក​ផ្ទាល់។​ លោក​អះអាង​ថា ​លោក​ធ្វើ​ជា​នាយក​រដ្ឋមន្រ្តី​ទៅ​ហើយ​ គឺ​លោក​មិនមែន​ដាច់​យ៉ៃ​នោះ​ទេ។​

ការ​អះអាង​របស់​លោក​ហ៊ុន សែន​ ធ្វើឡើង​នៅ​ក្នុង​ពិធី​ជួប​ជាមួយ​កម្មករ​ជាង​១​ម៉ឺន​នាក់​នៅ​ខេត្ត​កណ្តាល ​នាព្រឹក​ថ្ងៃ​ទី​​២៦​​ធ្នូ។​

នាយក​មន្រ្តី​ដែល​ក្រាញ​អំណាច​ជាង​៣០​ឆ្នាំ​រូប​នេះ​ អះអាង​ថា​ ក្រៅពី​លុយ​ដែល​ជួយ​ឧបត្ថម្ភ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​ចំនួន​ លោក​និង​ប្រពន្ធ​ របស់​លោក​ក៏​បាន​យក​លុយ​ផ្ទាល់​ខ្លួន​ទៅ​ជួយ​ដល់​កីឡាករ​ប្រដាល់​ និង​ជួយ​ដល់​វិស័យ​សិល្បៈ​ផង​ដែរ។​

ទោះជាយ៉ាង​ណា​ក៏​ដោយ​ លោក​សន ជ័យ​ ប្រធាន​អង្គការ​សម្ព័ន​គណនេយ្យ​ភាព​សង្គម​បាន​ប្រាប់​កាសែត​ The Cambodia Daily​ថា​ ប្រសិន​បើ​លោក​ហ៊ុន សែន​យក​ថវិកា​របស់​លោក​ផ្ទាល់​ លោក​ទៅ​ប្រើប្រាស់​ជំនួយ​មនុស្ស​ធម៌​​វា​ជា​រឿង​ផ្ទាល់​ខ្លួន​របស់​លោក​ប៉ុណ្ណោះ ​ប៉ុន្តែ​ប្រសិន​បើ​លោក​យក​ថវិកា​របស់​រដ្ឋទៅ​ប្រើ​ប្រាស់​លើ​សេវា​ឯកជន​ ដែល​មិន​មែន​ជា​ការ​ចង់​បាន​សាធារណៈ​នោះ​ វាមិន​មែន​ជា​ការ​ត្រឹម​ត្រូវ​នោះ​ទេ។​

ការ​អះអាង​របស់​លោក​ហ៊ុន សែន​ពាក់​ព័ន្ធ​នឹង​ការ​ជួយ​ថវិកា​​ដល់​បុគ្គលិក​ទូរទស្សន៍​CNC​និង​បាយ័ន​ធ្វើឡើង​ ក្រោយ​ពេល​កាសែត​ The Cambodia Daily​បាន​ផ្សាយ​សារ​ជា​សំឡេង​របស់​លោក​ហ៊ុន សែន​ មុន​គេ​ចំពោះ​ការ​លូក​ដៃ​របស់​លោក​ទៅ​ក្នុង​ជម្លោះ​ការងារ​ នៅ​ទូរទស្សន៍​ CNC​កាលពី​ពេល​ថ្មីៗ​នេះ។ ​ក្នុង​សំឡេង​នោះ ​លោក​ហ៊ុន សែន​បាន​ព្រមាន​លោក​ឧកញ៉ា​គិត ម៉េង​ថា ​ប្រសិន​ឧកញ៉ា​រូប​នេះ មិន​ព្រម​ដក​អគ្គ​នាយក​ទូរទស្សន៍ ​CNC​ឈ្មោះ ​អ៊ុក វូរ៉ា​ចេញ​ពី​តំណែង​ទេ​ នោះ​លោក​គិត ម៉េង​នឹង​ក្លាយ​ជា​សត្រូវ​របស់​លោក​ហ៊ុន សែន។​ ក្នុង​សំឡេង​ដដែល​នោះ ​លោក​ហ៊ុន សែន​ក៏បាន​បង្ហាញ​ពី​ឥទ្ធិពល​របស់​លោក​ប្រមាថ​ទៅ​ដល់​អង្គ​ព្រះ​មហា​ក្សត្រ​ទៀត​ផង៕​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស